Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងផងនោះ បានបើករថយន្តឡិចស៊ីសមួយគ្រឿង រួមដំណើរជាមួយមិត្តភ័ក្ត ព្យាយាមវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលទៅបុករថយន្តព្រូសមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត ហើយចុះទៅវាយម្ចាស់រថយន្តព្រូស មុនពេលព្យាយាមបើករថយន្តគេចខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា ជនបង្កមានបំណងគេចពីការទទួលខុសត្រូវនោះ មិនអាចរត់បានឆ្ងាយឡើយ ព្រោះរថយន្តដាក់កាឡេ ទើបទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កជាអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខហាង ដាលីន លក់គ្រឿងសមុទ្រ តាមបណ្ដោយផ្លូវលេខ២៣៦ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសាក្សីឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក តូយូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-9504 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៤៣៦ ក្នុងទិសដៅពីលិចទៅកើត ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ឡិចស៊ីស GX300 ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ រួមដំណើរជាមួយគ្នា តាមបណ្ដោយផ្លូវលេខ១០៥ ទិសដៅពីជើងទៅ ត្បូងក្នុងល្បឿនយ៉ាងលឿន និងវ៉ារថយន្តហាយប្រ៊ីតមួយគ្រឿងទៀតផងនោះ បានរ៉េចង្កូតទៅបុករថយន្តព្រូសយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ប្រភពដដែលបន្តថា ភ្លាមៗ បន្ទាប់ពីកើតហេតុការណ៍បុកគ្នាហើយនោះ បុរសម្នាក់ ដែលជាអ្នកបើករថយន្តឡិចស៊ីស បានចុះទៅវាយរថយន្តព្រូស និងម្ចាស់រថយន្តថែមទៀត បណ្ដាលឲ្យរងរបួសបន្តិចបន្តួច ហើយគេក៏ឡើងរថយន្តជិះគេចខ្លួន រហូតដល់ផ្លូវលេខ៤៨៨ កែងផ្លូវ១០៥ តែដោយសាររថយន្តដាច់កាឡេកង់មុខ ទើបទៅមុខលែងរួច ហើយម្ចាស់រថយន្តព្រូសក៏តាមទាន់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់អន្តរាគមន៍ហៅសមត្ថកិច្ចជំនាញទៅធ្វើការវាស់វែង និងស្ទូចរថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor