Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់  និងផ្គររន្ទះ បានកើតឡើងនៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន និងឃុំព្រៃជ្រូក ស្ថិតក្នុងស្រុកពួក កាលពីរសៀលម៉ោង១និង១៥នាទីរសៀល​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់​ រងរបួស២នាក់, ខូចខាតលំនៅដ្ឋាន២ខ្នង, ងាប់សត្វគោចំនួន៣ក្បាល និងសត្វឆ្កែ១ក្បាល។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា បាតុភូតធម្មជាតិ រន្ទះបាញ់នេះ កើតឡើងនៅនៅចំណុចត្រពាំងតាអុកទឹក ភូមិគោករាំង ឃុំមុខប៉ែន បណ្ដាលឲ្យឈ្មោះ វឿន ដុស ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ជន នន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាហួល ឃុំមុខប៉ែន បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជនរងគ្រោះ​ទាំងពីរនាក់ កំពុងដើរឃ្វាលគោ។

ករណីរន្ទះបាញ់ងាប់គោ៣ក្បាល កើតហេតុនៅចំណុចវាលស្រែចម្ងាយពីភូមិផ្លាំង ឃុំព្រៃជ្រូក ប្រហែល១៥០ម៉ែត្រ ជារបស់ឈ្មោះ រួន ពោរ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផ្លាំង ឃុំព្រៃជ្រូក និងករណីរងគ្រោះដោះយសារខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះមួយខ្នងទំហំ៦x៧ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី កម្ពស់​១.៧០ម៉ែត្រ ធ្លាក់ពីជើងតម្គល់ ជារបស់ឈ្មោះ លាប លួត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំព្រៃជ្រូក បណ្ដាលឲ្យរងរបួសស្រាលមនុស្សម្នាក់ឈ្មោះ ទូច ស្រីឡី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយចន្ទោរ ឃុំព្រៃជ្រូក និង ផ្ទះឈ្មោះ បេង លីន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ ស្វាយចន្ទោរ ឃុំព្រៃជ្រូក ស្រុកពួក ខូចខាតស័ង្កសីចំនួន១០សន្លឹក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor