
ព្រះសីហនុៈ រន្ធត់ណាស់… រថយន្តដឹកសំរាម១គ្រឿង បើកបរខ្វះការប្រយ័ត្ន រេចង្កូតទៅបុកម៉ូតូ១គ្រឿង ពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នឹង២នាក់ផ្សេងទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង៦៖៤០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះបង្គោលគីឡូ២០៥-២០៦ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បង្កឡើងដោយរថយន្ត១គ្រឿងរបស់ក្រុមហ៊ុន (រថយន្តដឹកសំរាមក្នុងខេត្តព្រះសីហនុ) មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរគេចខ្លួនបាត់ លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ បណ្តាលឲ្យភាគីខាងម៉ូតូចំនួន៣នាក់ ស្លាប់និងរបួស ទី១-ឈ្មោះ នេន វិជ្ជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ស្លាប់នៅកន្លែង (អ្នកបើកបរ) ២-ឈ្មោះ ម៉ី វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដូចគ្នា មានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រងរបួសធ្ងន់ ទី៣-ឈ្មោះ ម៉ៅ ទឹប ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងទីលំនៅដូចគ្នា រងរបួសស្រាល ។

បច្ចុប្បន្នសាកសពត្រូវបានសាច់ញាតិរៀបចំយកទៅធ្វើបុណ្យ រីឯអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ៕

