Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានករណីអគ្គិភ័យមួយ ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឆេះលើឃ្លាំងលក់រថយន្តសរុបចំនួន​៣កន្លែង នៅវេលាម៉ោងប្រមាណ​ជា​៣៖៣០នាទីទាបភ្លឺ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដោយផ្តើមចេញពីនៅទីតាំងឃ្លាំងលក់រថយន្តយីហោ សោម ច័ន្ទថ្លា ដីឡូត៏លេខ៣៦ ផ្លូវ២១៩ ភូមិ១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ សោម ច័ន្ទថ្លា ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបរ​ លក់រថយន្ត ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគាត់បានឃើញភ្លើងឆេះលើរបងឃ្លាំង​ ភ្លាមៗនោះ​ គាត់ក៏បានទាញទុយោទឹកទៅបាញ់តែបាញ់ពុំឈ្នះ ហើយភ្លើងក៏ចាប់ផ្តើមឆេះទៅដល់កេះឡាំងដាក់គ្រឿងរថយន្ត ហើយឆេះឆ្លងដល់រថយន្តនៅក្បែរនោះ បណ្តាលឲ្យឆេះយ៉ាងខ្លាំងតែម្តង ។

ក្រោយពេលកើតហេតុ​ រូបគាត់បានធ្វើការទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យចុះអន្តរាគមន៍​ ដើម្បីបាញ់ទប់ស្កាត់។ ភ្លាមៗនោះ​ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចុះមកអន្តរាគមន៍បាញ់ពន្លត់ ។

នៅពេលដែលកម្លាំងសមត្ថកិច្ចជំនាញ ផ្នែកអន្តរាគមន៍ពន្លត់បង្កគ្រោះអគ្គិភ័យមកដល់កន្លែងបានអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់​ តែដោយសារតែស្ថានភាពអគ្គិភ័យខ្លាំងពេក​ ទើបធ្វើឲ្យការអន្តរាគមន៍នោះពិបាកក្នុងការបាញ់ពន្លត់​ ដោយសារតែទីតាំងខាងលើនេះ ពិបាកចូលទៅខាងក្នុង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ទីតាំងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះ មានឃ្លាំងស្តុបលក់គ្រឿងបន្លាស់រថយន្ត​ ២ឃ្លាំង​ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង,​ ផ្ទះល្វែងចំនួន​២ ថ្មក្រោមឈើលើ,​ ផ្ទះឈើចំនួន ២ខ្នង​ និងគ្មានមនុស្សរងរបួសគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំណែកឯសម្ភារៈខូចខាត មានរថយន្តទំនើបៗចំនួន​៤គ្រឿង Audi, Land Cruiser, Rang Rover, Camry និងម៉ូតូ​ចំនួន ២គ្រឿង​ គិតជាទឹកប្រាក់រាប់សែនដុល្លារ ។

សមត្ថកិច្ចបានបន្តទៀតថា​ នៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ​ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន​៤៣គ្រឿង​ ដោយក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានីភ្នំពេញ,​ រថយន្តពន្លត់អគ្គីភ័យ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងរថយន្តពន្លត់ របស់អង្គភាព​ (ង៧០)​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor