header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ជិះម៉ូតូសង់ស៊េរី២០១៨មួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនប្រុសស្រីពីរនាក់ ដែលកំពុងដើរតាមដងផ្លូវ តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចវាយខ្នោះតែម្ដង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៨​ ស្ថិតនៅចំណុចមុខខុនដូ ឌីកាសល៨៣ តាមបណ្តោយផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ទូច ម៉ែងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលារៀនទួលសង្កែ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្តកំពងចាម និងជនសង្ស័យទី២ មានឈ្នោះ ស៊ាង ជាងកាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សនៅវិទ្យាល័យវត្តកោះ រៀនថ្នាក់ទី១១ ស្នាក់នៅម្តុំសាលារៀនបាក់ទូក និងមានស្រុកំណើតនៅខេត្តតាកែវ។

សន្តិសុខយាមនៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់ឃើញជនជាតិចិនប្រុសស្រីពីរនាក់ បានដើរចេញពីផ្សារធីខេ ដោយធ្វើដំណើរថ្មើរជើងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8708 ជិះមកពីក្រោយស្របទិសដៅស្របគ្នា បន្ទាប់មកជនសង្ស័យមិនទាន់សកម្មភាពឆក់កាបូបនោះទេ ដោយពួកគេជិះក្រឡឹងពីរទៅបីជុំ ទើបឃើញឱកាសល្អធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្ត្រីជនជាតិចិនម្នាក់ ក្នុងចំណោមពីរនាក់​តែម្ដង តែមិនបានសម្រេច ដោយសារជនរងគ្រោះឃើញទាន់ ក៏បានទាញកាបូបមកវិញ ធ្វើឲ្យកាច់កម៉ូតូជនសង្ស័យដួលទៅលើថ្នល់។

ភ្លាមៗនោះ សន្តិសុខយាមនៅកន្លែងកើតហេតុខាងលើ បានរត់ចេញមកចាប់ជនសង្ស័យទាំងពីរ ខណៈនោះក៏មានបុរសជនជាតិម្នាក់ទៀត ដើរមកពីក្រោយឃើញហេតុការណ៍ បានលោតទៅជួយចាប់ជនសង្ស័យជាមួយគ្នាផងដែរ ហើយជនសង្ស័យបានតដៃជាមួយប្រជាពលរដ្ឋ ដើម្បីរំដោះខ្លួនតែមិនអាចទៅរួច ព្រោះកម្លាំងប្រជាពលរដ្ឋមានគ្នាច្រើន ក៏ត្រូវបាននាំគ្នាយកខ្សែចងដៃជាប់មកក្រោយទុកប្រគល់ជូនសមត្ថកិច្ច។ ចំណែកជនរងគ្រោះបានបន្តដំណើរទៅមុខបាត់ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកយកជនសង្ស័យទាំងពីនាក់ ទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់១ ដើម្បីកសាងសុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post