
សៀមរាបៈ មន្រ្តីជំនាញនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ នៅលើផ្លូវជាតិលេខ៦ ចំណុចមុខសាលារៀនវិទ្យាល័យពួក ស្ថិតក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក បណ្ដាលស្លាប់មនុស្សម្នាក់ និងមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
មន្រ្តីជំនាញ បានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះ គឺរវាងម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០០៥ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1B-4575 បើកបរដោយឈ្មោះ ឡុច ធិង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក មុខរបរកម្មកសំណង់ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឡុច ពៅ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជាមួយគ្នា មុខរបរកម្មករសំណង់ (របួសស្រាល) បើកបរទិសដៅពីលិចទៅកើតបានបុកម៉ូតូម៉ាកវេវ អាល់ហ្វា ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A-F5149 បើកបរដោយឈ្មោះ ឈឿត ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក មុខរបរសន្តិសុខព្រលានយន្តហោះ ( របួសធ្ងន់ ) និងអ្នករួមដំណើរឈ្មោះ នៅ សម្បត្តិ ភេទស្រី អាយុ៤៦ ឆ្នាំនៅភូមិឃុំជាមួយគ្នា មុខរបរសន្តិសុខព្រលានយន្តហោះ (ស្លាប់ )បើកបរពីទិសខាងកើតមកទិសខាងលិច។

មន្រ្តីជំនាញបានឲ្យដឹងទៀតថា មូលហេតុ គឺអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម បើកបរក្នុងល្បឿនលឿន រីឯអ្នកបើកម៉ូតូម៉ាកវេវអាល់ហ្វាបើកបរបត់ឆ្វេងមិនប្រយ័ត្ន។
ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញ បានវាស់វែងទីកន្លែងកើតហេតុ ព្រមទាំងបានប្រគល់សាកសពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមករក្សាទុក ដើម្បីចាត់ការតាមនិតិវិធី៕
