
ភ្នំពេញៈ នារីពពោះ៣ខែម្នាក់ បានដួលផ្កាប់មុខអូសជាមួយម៉ូតូជិត៥ម៉ែត្រ ខណៈកំពុងជិះម៉ូតូជាមួយប្ដី តែត្រូវបុរសស្រវឹងស្រាម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកពីក្រោយពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០៖១០នាទីយប់ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុប មុខឃ្លាំងស្រាបៀរក្រុមហ៊ុន Anchor តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Dream ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CU-2865 ឌុបនារីម្នាក់ទៀតជាប្រពន្ធ (មានផ្ទៃពោះ៣ខែ) ដោយធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក Dream សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1O-4722 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាទន់ខ្លួននោះ ដោយធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច ក្នុងល្បឿនល្បឿន បានជ្រុលទៅបុកម៉ូតូ Dream របស់ពីរនាក់ប្ដីប្រពន្ធខាងលើពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសជាប្ដីរងរបួសស្រាល នារីជាប្រពន្ធខ្ទាតដួលផ្កាប់មុខអូសទៅជាមួយម៉ូតូជិត៥ម៉ែត្រ រលោតដៃជើងបន្តិចបន្តួចប៉ុណ្ណោះ តែឈឺចុកពោះខ្លាំង ចំណែកឯបុរសម្នាក់ដែលស្រវឹងនោះរងរបួសស្រាល។

ក្រោយពេលកើតហេតុនារីជាប្រពន្ធដែលមានផ្ទៃពោះ៣ខែនោះ ត្រូវបានសាច់ញាតិ និងគ្រួសារដឹកយកទៅពិនិត្យមើលផ្ទៃពោះ នៅគ្លីនិកឯកជន សួគ៌ា។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលបឹងទំពុន២ រង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នា៕
