header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនទំនើងពីរក្រុម ចេញពីរាំងលេងកម្សាន្តនៅក្នុងក្លឹប ផ្លេយ៍ បានដេញវាយតប់គ្នាយ៉ាងអនាធិបតេយ្យ។ ភ្លាមៗនោះ ក៏ត្រូវសន្តិសុខធ្វើការឃាត់ខ្លួនបានយុវជនទំនើងចំនួន៣នាក់ តែចុងក្រោយបែរជាកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ដោះលែងយុវជនទាំងនេះទៅវិញ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខក្លឹបកម្សាន្តយីហោ ផ្លេយ៍ ក្លឹប តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវចំនួន២ក្រុម ដោយមួយក្រុមមានគ្នា៧ទៅ៨នាក់ ទើបចេញមកពីរាំងលេងកម្សាន្តនៅក្នុងក្លឹប ផ្លេយ៍ ខាងលើ។ ក្រោយមក ក៏ស្រាប់តែក្មេងស្ទាវទាំងពីរក្រុម ក៏បានបើកឆាកប្រយុទ្ធដោយដេញគ្នា និងយកដុំថ្មគប់គ្នាទៅវិញទៅមក តាមដងផ្លូវបណ្តាលឲ្យដុំថ្មហោះចូលទៅក្នុងក្លឹប តែមិនបង្កឲ្យរងការខូចខាតនោះទេ។ ភ្លាមៗនោះ កម្លាំងសន្តិសុខយាមនៅក្លឹបខាងលើ ក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៣នាក់ ខណៈបក្ខពួកប៉ុន្មាននាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

ប្រភពបន្តថា បន្ទាប់ពីកើតហេតុការណ៍ និងបង្កការភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលអូរបែកក្អម បានចុះទៅដល់ចំណុចកើតហេតុ ហើយបម្រុងនាំក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យខាងលើទៅកាន់ប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ស្រាប់តែពេលនោះ កម្លាំងសន្តិសុខយាមនៅក្លឹប ផ្លេយ៍ ខាងលើមិនព្រមប្រគល់ក្មេងទំនើងទាំង៣ ឲ្យទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាននោះទេ ដោយថា រង់ចាំកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ មកនាំយកទៅ។

ក្រោយពេលកើតហេតុ ខណៈពេលកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ចុះមកដល់ចំណុចកើតហេតុ ហើយពិភាក្សាជាមួយនឹងសន្តិសុខយាមក្លឹបខាងលើ។ មួយស្ទុះក្រោយមក ស្រាប់តែកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ បានដោះលែងក្មេងទំនើងចំនួនបីនាក់ ដែលបង្កភាពអនាធិបតេយ្យ ដោយមិនបាននាំយកទៅធ្វើការអប់រំឲ្យបានត្រឹមត្រូវនោះទេ។

គួរបញ្ជាក់ថា ចាប់តាំងពីក្លឹបកម្សាន្ត ផ្លេយ៍ បើកដំណើរការមក គឺតែងតែមានក្រុមក្មេងស្ទាវពពាក់ពពូនគ្នា និងដេញវាយគ្នាបង្កភាពអនាធិបតេយ្យស្ទើរជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យអ្នកដំណើរឆ្លងកាត់តាមដងផ្លូវ២០០៤ មិនចង់ និងហ៊ានធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុខាងលើនោះទេ ហើយក៏មិនទាន់ឃើញមានអាជ្ញាធររូបណា មានចំណាត់ការទៅលើក្លឹបនេះដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post