header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្រ្តីប៉ូលិសជាជនដៃដល់ ដែលបានធ្វើសកម្មភាពចាប់ និងវាយជនរងគ្រោះ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ពេលនេះសាច់ញាតិយុវជនរងគ្រោះបានស្គាល់អត្តសញ្ញាណហើយ។

សមត្ថកិច្ចដៃដល់រូបនោះ ត្រូវបានសាច់ញាតិយុវជនរងគ្រោះបញ្ជាក់អះអាងថា ឈ្មោះសុន ពិសាល មានឋានន្តរស័ក្កិព្រិន្ទបាល ពីមុនជាមន្រ្តីនគរបាលនៅការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែនៅថ្ងៃកើតហេតុនោះ បានអះអាងប្រាប់គេឯងថា ខ្លួនជាមន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ។

បើតាមព័ត៌មានបឋម​ សមត្ថកិច្ចដែលពាក់ឯកសណ្ឋានឈ្មោះ សុន ពិសាល មានឋានន្តរស័ក្កិព្រិន្ទបាល ត្រូវបានឃាត់ខ្លួនហើយ​ ខណៈនេះកំពុងសួរចម្លើយនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​។ ដោយឡែកសមត្ថកិច្ចស្លៀកពាក់សុីវិលកំពុងរត់គេចខ្លួន​ ខណៈម្នាក់ទៀតឈ្មោះ​ ស៊ិន​ វិរៈ​ ជាមន្ត្រីនគរបាល​ព្រហ្មទណ្ឌបច្ចេកទេសវិទ្យាសាស្ត្រ​ កំពុងរត់គេចខ្លួន និងជនដែលស្លៀកពាក់សុីវិល មិនទាន់ស្គាល់អត្តសញ្ញាណ ​ដែលជាប់ពាក់ព័ទ្ធក្នុងការប្រើអំពើហិង្សា​វាយយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ តាមផ្លូវសាធារណៈ ដោយគ្មានបញ្ជាពីថ្នាក់លើ និងមិនទាន់ដឹងថា ជាករណីអ្វីនៅឡើយនោះ។

សូមរំលឹកថា មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវលេខ១០៥ (មុខហាងស៊ុបចង្កាក់) ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន គឺមានសមត្ថកិច្ចមួយក្រុម បានធ្វើសកម្មភាពចាប់ និងវាយយុវជនម្នាក់ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់នៅឡើងទេ ដោយបុរសម្នាក់នោះបានស្រែកអង្វរសុំរង់ចាំក្រុមគ្រួសារមកសិន ចាំចាប់ខ្លួនគាត់ទៅ តែសមត្ថកិច្ចមួយក្រុមនោះ មិនព្រមនោះទេ រួចក៏ចាប់វាយខ្នោះបុរសរូបនោះ ប៉ុន្តែបុរសរូបនោះក៏ខំប្រឹង​រើបម្រះ​ ក៏ត្រូវសមត្ថកិច្ចវាយ រួចចាប់ប្រទាញ​ប្រទង់ និងអូសទាំងដៃជាប់ខ្នោះឡើងលើរុឺម៉កម៉ូតូ និងបានដឹកយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ។ ក្រោយទទួលបានដំណឹងនេះភ្លាម ក្រុមគ្រួសារជនរងគ្រោះក៏នាំគ្នាទៅរកនៅក្នុងក្រសួងមហាផ្ទៃ ហើយឃើញតែបុរសរងគ្រោះ តែបាត់ក្រុមសមត្ថកិច្ចទាំងនោះ ទើបនាំយកទៅមន្ទីរបាយ័នដើម្បីព្យាបាលរបួសតែម្ដង។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ត្រូវសមត្ថកិច្ចមានគ្នាប្រមាណ៤ទៅ៥នាក់ ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ។ សាក្សីបន្តថា ពេលនោះសមត្ថកិច្ចទាំងនោះបានធ្វើសកម្មភាពចាប់ និងវាយយុវជនរូបនោះ រួចហើយចាប់អូសឡើងលើរុឺម៉កម៉ូតូរួចដឹកទៅបាត់។ 

ស្ត្រីឈ្មោះ វត្តី អាយុ២៨ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបញ្ជាក់ថា រូបនាង និងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូ​លិសមានគ្នាប្រមាណ៤ទៅ៥នាក់វាយ រួចហើយប្អូនប្រុសរបស់នាងបានរត់ចូលទៅក្នុងហាងមួយដែលនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត។

ស្ត្រីខាងលើបន្តថា គ្រាន់តែឮដំណឹងនេះភ្លាម នាង និងស្វាមីបានជិះម៉ូតូមកដល់ កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាង និងស្វាមីក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣  តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ។

ស្ត្រីខាងលើបានបញ្ជាក់ទៀតថា ពេលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ និយាយដូច្នេះ រូបនាង និងស្វាមីក៏បានទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ ដែលកំពុងដេកហូរឈាមនៅលើរុឺម៉កម៉ូតូម្នាក់ឯង តែមិនឃើញក្រុមសមត្ថកិច្ចទាំងនោះទេ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះវាយយុវជនរូបនោះស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំមកដល់មន្ទីរពេទ្យ។ បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេងដែលនៅក្បែរផ្ទះនៅឯចោមចៅ។ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួចយកទៅដាក់ក្នុងក្រសួងមហាផ្ទៃតែម្ដង ពិសេសសូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះ យកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឲ្យអាងខ្លួនមានអំណាចបុណ្យស័ក្កិ ចង់វាយធ្វើបាបប្រជាជនតូចតាចស្រេចតែក្បាលចិត្តបែបនេះទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post