
ភ្នំពេញៈ បុរស២នាក់ កំពុងតែជិះម៉ូតូ DUK ត្រូវបាននារីម្នាក់បើករថយន្តមួយគ្រឿងម៉ាកford RANGER បើកបរយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូខាងលើពេញទំហឹងហើយបានកិនពីលើទៀត បណ្ដោយឲ្យរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៣រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ៥៧ កែងនឹងផ្លូវលេខ៣៦០ ក្បែរស្ថានីយទូរទស្សអប្សារា ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នារីម្នាក់បានបើករថយន្តបង្កម៉ាក ford RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6598 ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុក ម៉ូតូមួយគ្រឿងម៉ាកDUK ពណ៌ស បើកដោយបុរស២នាក់កំពុងឌុបគ្នា ក្នុងទិសដៅពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យបុរសទាំង២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្នានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរថយន្តបង្ក និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយ៕


