ភ្នំពេញៈ រថយន្តតាក់ស៊ីម៉ែត្រក្រុមហ៊ុន Great Wall មួយគ្រឿង បោះពួយយ៉ាងលឿនដោយមិនប្រយ័ត្នបានរេចង្កូតទៅបុកទ្រូងចែកផ្លូវ បណ្ដាលឲ្យបាក់អស់២កង់ រីឯរថយន្តក្រឡាប់ផ្ងារជើងឡើងលើម្ខាងសំណាង ធ្វើឲ្យភ្ញៀវ៤នាក់ភ័យលោះព្រលឹងមិនតិចទេ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៖៥០នាទីទៀបភ្លឺ ថ្ងៃអង្គារ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំនុចជិតក្រសួងផែនការចាស់ ស្ថិតក្នុងសង្កាត់បឹងកេង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងភ្ញៀវរួមដំណើរ៤នាក់ បើករថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុន Great Wall Taxi ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7739 ពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តតាក់ស៊ីបានរេចង្កូទៅបុកទ្រូងថ្មចែកផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ប៉ុន្តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តតាក់ស៊ី រួមទាំងភ្ញៀវ ដែលជិះក្នុងរថយន្ត បានបើកទ្វារគេចខ្លួនបន្សល់ទុករថយន្តតាក់ស៊ីម៉ែត្រ នៅកន្លែងកើតហេតុ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕
វីដេអូ