Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុន «ហាយលែន» បើកបត់ឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្ដ ISUZU ពេញទំហឹងចំពីចំហៀងខាងឆ្វេង បណ្ដាលឲ្យតៃកុងគាបជាប់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តរថយន្តក្រឡុកសុីម៉ងត៍១គ្រឿង ម៉ាក FUSO របស់ក្រុមហ៊ុនហាយលែន ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1293 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវដោយមិនបានមើលមុខក្រោយឲ្យគ្រប់ជ្រុងជ្រោយ ក៏ជ្រុលទៅបុករថយន្ដម៉ាក IZUSU ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-4197 ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យតៃកុងរថយន្ត IZUSU គាបជាប់រងរបួសធ្ងន់ ត្រូវបានប្រជាពរដ្ឋជួយគាស់យកចេញ រួចដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តរងការខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅផ្នែកជំនាញចុះមកវាស់វែងអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor