ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចឡែបថប ក្នុងបន្ទប់ឡៅតឿ ផ្ទះជនរងគ្រោះបានហើយ ទៅសម្ងំដេកក្បែរផ្ទះកើតហេតុ ម្ចាស់ផ្ទះឃើញមានការសង្ស័យ ក៏ស្រែកផ្អើលឆោឡោចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចវេរ៉ងដាផ្ទះអ្នកជិតខាង ផ្លូវ៩៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ មាន សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ម្ចាស់ Laptop ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤។ ចំណែកកំព្យូទ័រ Laptop ដែលជនសង្ស័យលួចនោះម៉ាក MSI ពណ៌ខ្មៅ តម្លៃ១៦០០ដុល្លារអាមេរិក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួច Laptop នៅលើតុ ក្នុងបន្ទប់ដេកជាន់ឡៅតឿនៅផ្ទះលេខ២B បានសម្រេច រួចបានឆ្លងមកដេកសម្ងំលាក់ខ្លួននៅលើវេរ៉ងដាផ្ទះប្រជាពលរដ្ឋក្បែរផ្ទះកើតហេតុ ហើយផ្ទះឃើញជនសង្ស័យដេកលើផ្ទះ ក៏មានការសង្ស័យ ក៏ស្រែកឆោឡោចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវសាកសួរ។
បន្ទាប់ពីសមត្ថកិច្ចសាកសួរជនសង្ស័យសារភាពថា ខ្លួនបានលួចកំព្យូទ័រខាងលើនេះមែន ដោយបានទុកលាក់ក្បែរកន្លែងខ្លួនដេក ហើយសមត្ថកិច្ចក៏នាំជនសង្ស័យខាងលើ មករកកំព្យូទ័រ ដែលជនសង្ស័យលាក់ទុកនោះ គឺឃើញកំព្យូទ័រនោះមែន រួចសមត្ថកិច្ចក៏បញ្ជូនខ្លួនជនសង្ស័យទៅប៉ុស្តិ៍ដើម្បីសាកសួរបន្ត និងកសាងសំណុំចាត់ការតាមនីតិវិធី៕