
ភ្នំពេញៈ ស្ត្រីម្នាក់ រួមទាំងកូនតូច២នាក់ បើកជិះរថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ក៏រេចង្កូតទៅបុករថយន្តស៊ិនទ្រីកំពុងឈប់ប្រមូលសំរាមពីក្រោយពេញទំហឹង បណ្ដាលឲ្យកម្មករស៊ិនទ្រីម្នាក់ រងរបួសធ្ងន់ ចំណែកកូនតូច២នាក់របួសស្រាល កាលពីវេលាម៉ោង១២៖៥០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ត្រង់ចំណុចបុរីញូថោន ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ រួមនិងកូនតូច២នាក់ បើកជិះរថយន្តមួយគ្រឿង ម៉ាក NISSAN MARCH ពាក់ស្លាកលេខ ភ្នំពេញ 2T-6592 បើកពីកើតទៅលិចក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករថយន្តស៊ិនទ្រី ដែលមានលេខរៀង២៨៦ ពីក្រោយពេញទំហឹង បណ្ដាលឲ្យកម្មករស៊ិនទ្រីម្នាក់ រងរបួស ចំណែកឯកូនតូចក្នុងរថយន្តទំនើប២នាក់នោះ រងបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានកន្លែងកើតហេតុ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មកវាស់វែង និងយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕



