កីឡាៈ កីឡាករ ចាន់ វឌ្ឍនាកា សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចែកផ្លូវជាមួយក្លិបបាល់ទាត់ Pahang FA សមាជិកក្នុងពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League 2018) ក្នុងនាមជាជាកូតាកីឡាករអាស៊ាន ជាផ្លូវការនៅព្រឹកថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញក្រោយរកបានអ្នកជំនួសថ្មីបានរួចរាល់។
នៅថ្ងៃចែកផ្លូវគ្នាជាផ្លូវការ កីឡាករ ចាន់ វឌ្ឍនាកា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «វាមិនមានអ្វីចម្លែកទេនៅក្នុងពិភពបាល់ទាត់ វាតែងតែកើតមានរឿងនេះ តែអ្វីដែលសប្បាយចិត្ត គឺខ្ញុំបានបំពេញការងារដែលខ្ញុំត្រូវធ្វើរួចហើយ។ អ្វីដែលត្រូវធ្វើបន្តទៀត គឺមានតែការមិនបោះបង់ប៉ុណ្ណោះ។ ថ្វីបើខ្ញុំនៅទីនេះត្រឹមរយៈពេលប៉ុន្មានខែមែន តែទីនេះពិតណាស់ជាកន្លែងដែលធ្វើឲ្យខ្ញុំស្គាល់បាល់ទាត់បន្ថែមទៀត ជាបទពិសោធថ្មីមួយទៀតសម្រាប់ជីវិត និងវិថីដែលខ្ញុំចង់ដើរ ខ្ញុំនឹងដើរ ដើរហូតមិនឈប់ ខ្ញុំមិនចុះចាញ់ ព្រោះខ្ញុំចង់ឈ្នះ ខ្ញុំហត់ តែខ្ញុំទ្រាំ»។
បើតាមលោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេតអែហ្វស៊ី ដែលជាក្លិបចាស់របស់ ចាន់ វឌ្ឍនាកា នៅកម្ពុជា លើកឡើងថា កីឡាកររូបនេះនៅតែមានចិត្តចង់បន្តអាជីពនៅក្រៅប្រទេសឲ្យជោគជ័យសិន មុនសម្រេចចិត្តថាត្រឡប់មកបន្តអាជីពនៅក្នុងប្រទេសវិញ ឬយ៉ាងណា?
ទន្ទឹមនឹងការចាកចេញរបស់ វឌ្ឍនាកា សារព័ត៌មានផ្សាយជាភាសាអង់គ្លេស Foxsport បានសរសេរមានក្លិបបរទេសចំនួន៣កំពុងតែតាមចាប់អារម្មណ៍កីឡាករ កម្ពុជា រូបនេះ រួមមានក្លិប Kelantan FA របស់លីគកំពូលម៉ាឡេស៊ី Bangkok Glass សមាជិកលីគកំពូលប្រទេសថៃ និង Hougang United សមាជិកលីគកំពូលសិង្ហបុរី។
កីឡាករ ចាន់ វឌ្ឍនាកា ជាអតីតយុវជនរបស់ក្លិបព្រះខ័នរាជស្វាយរៀង (ព្រះខ័នរាជ) ដែលចាប់អាជីពដំបូងកាលពីឆ្នាំ២០១១ នៅក្នុងឈុតធំក្រុមនេះ ស្របពេលនៅឆ្នាំ២០១២ រូបគេបានផ្ទេរទៅកាន់ក្លិបបឹងកេត រហូតដល់ចុងឆ្នាំ២០១៦ មុនចេញទៅជប៉ុន ដោយចូលរួមជាមួយក្លិប Fujieda MYFC សមាជិកពានរង្វាន់លីគលំដាប់ទី៣ (J3-League)។ នៅដើមឆ្នាំ២០១៨ ក្រោយចប់កិច្ចសន្យានៅប្រទេសជប៉ុន ចាន់ វឌ្ឍនាកា បានបន្តដំណើរទៅប្រទេសម៉ាឡេស៊ី ជាមួយ Pahang FA តែម្តង៕