
កំពង់ធំៈ បុរសម្នាក់ ត្រូវជាឪពុកបង្កើត បានយកកាំបិតចិតត្នោតមកកាប់កូនស្រីដូចសត្វធាតុយ៉ាងសាហាវព្រៃផ្សៃបំផុត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍ដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖១៧នាទីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រី អាយុ២ឆ្នាំ រងរបួសត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាក្បាល) និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក។ ជនបង្កជាឪពុកឈ្មោះ តាន់ គឹមសាន ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប និងប្រពន្ធឈ្មោះ ផុន វុទ្ធី អាយុ ៣១ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ មុខរបរលក់ដូរ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកនៅថ្ងៃទី២០.១២.២០១៧ ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នា ហើយបានព្រមព្រៀងផ្តិតមេដៃលែងលះគ្នា នៅសង្កាត់ព្រៃតាហ៊ូ អស់រយៈពេលប្រហែលកន្លះឆ្នាំមកហើយ។

មូលហេតុ ដែលកាប់កូនស្រីបណ្ដាលឲ្យរងរបួសធ្ងន់នេះ ឪពុក(ជនបង្ក) ខឹងប្រពន្ធមិនព្រមឲ្យគាត់យកកូនទៅលេងជាមួយខ្លួន និងសាច់ញាតិរបស់ខ្លួន។ ក្រោយពីកាប់កូនរួច ជនបង្ករបានលេបថ្នាំសម្លាប់ខ្លួន តែត្រូវសង្គ្រោះទាន់ពេលនៅមន្ទីរពេទ្យឯកជន515 (គ្លីនិចវៀតណាម)។ ចំណែកក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕



