header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មនុស្សប្រុសស្រី២នាក់ បានជិះរថយន្ត Prius មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ហើយជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករថយន្ត ឡ៊ិចស៊ីស បណ្តាលឲ្យរថយន្តទាំង២ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចជិតស្តុបណានជីង តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាក Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7208 ដោយនារីម្នាក់ រួមដំណើរជាមួយគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវ១២៨ វិថីកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តនេះទំនងប្រឡែងគ្នា ក៏រេចង្កូតមកស្តាំ ខណៈពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2L-4400 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្របទិសគ្នា ក៏បុកពេញទំហឹង បណ្តាលឲ្យរថយន្ត Prius រងការខូចខាតខ្ទេចខាងមុខផ្នែកខាងស្ដាំស្ទើរតែទាំងស្រុង។ ចំណែកឯរថយន្ត ឡិចស៊ីស រងការខូចខាតខ្ទេចចំហៀងខាងក្រោយ និងដាច់កង់ក្រោយអស់មួយ។ ម្ចាស់រថយន្ត Prius រងរបួសបែកក្បាលបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងនិយាយចរចាដោះស្រាយគ្នា ដោយខាងរថយន្ត Prius យល់ព្រមសងចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post