Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាន់តែបែកខ្ចរខ្ចាយហើយ នៅសុខៗតារាចម្រៀងឆាល់ និងញិចទាំងកាយវិការ ម៉ៅ ស៊ីណាត ស្រាប់តែទម្លាយរឿងចម្រូងចម្រាស់ស្នេហាទី២ ដែលទ្រាំរស់នៅទាំងឈឺផ្សា។ នៅទីបំផុតវាំងននហ្មងសៅ បានទម្លាយហើយ ដោយនាងប្រកាសក្តែងៗថា ផ្លូវស្នេហាទី២ ដែលបន្សល់ទុកកូនស្រីម្នាក់ ដើរដល់ទីបញ្ចប់ជាផ្លូវការ។

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត បានប្រកាសនៅលើហ្វេសប៊ុ​កថា អ្នកនាង និងស្វាមី ដល់ដំណាក់កាលអស់និស្ស័យនឹងគ្នាហើយ ក្នុងពេលដែលការផ្សះផ្សាកន្លងមិនមានសុពលភាព។

អ្នកនាង ម៉ៅ ស៊ី​ណាត និយាយថា អ្នកនាងរស់រែកទុក្ខជាមួយ​ស្វាមីជាយូរមកហើយ។ ប៉ុន្តែដោយសារតែអ្នកនាងខ្មាសគេ ហើយមិនទាន់ចង់ឲ្យ​ខ្ចរខ្ចាយ ទើបអ្នកនាងប្រឹងលាក់។ អ្នកនាងនិយាយថា មិនមាននារីណាម្នាក់ទ្រាំលំបាកចិញ្ចឹមកូនម្នាក់ឯង ក្នុងពេលស្វាមីខ្វះការទទួលខុសត្រូវនោះទេ ក្នុងពេលដែលអ្នកនាងក៏មានរឿងពិបាកអត្ថាធិប្បាយពីស្វាមីរបស់ខ្លួនច្រើនទៀត ដែលអ្នកនាងទម្លាយទៅមិនខុសពីស្ដោះលើទ្រូងឯង។ អ្នកនាងថា រវាងខ្លួន និងស្វាមី ផ្ទុះរឿងចម្រូងចម្រាស់ជាយូរមកហើយ ប៉ុន្តែមកពីអ្នកនាងអាណិតកូនស្រី ដែលជាដំណក់ឈាមក្រោយការរួមរស់ ទើបអ្នកនាងចេះតែទ្រាំ។

អ្នកនាងប្រកាសលែងលះលោក វិសាល ជាស្វាមីក្រោយ ដោយអះអាងថា បើអ្នកនាងមានប្ដី ហើយ​បន្ទុករកលុយនៅម្នាក់ឯងខំច្រៀងខំទទួលការងារ មិនស្គាល់យប់ថ្ងៃ ហើយស្វាមីយកតែរួចខ្លួនដដែល អ្នកនាងត្រូវតែសម្រេចចិត្តចែកផ្លូវ ខណៈដែលអ្នកនាងទម្លាយថា ម្នាក់ឯងដើរតួជាឪពុកផងម្ដាយផង ជាអ្នកមើលកូនផង និងជាអ្នករកលុយមកផ្គត់ផ្គង់គ្រួសារផង ស្រាប់តែស្វាមី មើលមិនឃើញពីការតស៊ី។ អ្នកនាងថា ខ្លួនបន្តជីវិតជាមួយស្វាមីទី២ ដោយសុខចិត្តទម្លាក់ខ្លួន ដើរច្រៀងមិនស្គាល់យប់ព្រលប់ ប៉ុន្តែស្វាមីសូម្បីតែចិត្តបារម្ភមួយក៏មិនមានដូចស្វាមីដទៃ ក្នុងពេលដែលអ្នកនាងបង្ហើបថា លោក វិសាល ក៏បានធ្វើខុសចំពោះកូនប្រពន្ធម្ដងជាពីរដង ដែលធ្វើឲ្យ​អ្នកនាងមិនអាចទ្រាំយកទៀតទេ។

អ្នកនាងប្រកាសថា សុខចិត្តមេម៉ាយជាលើកទី២ ដើម្បីបញ្ចប់ជីវិតមានគូ ដែលល្អតែមើល ប៉ុន្តែការពិតពោរពេញដោយទុក្ខវេទនាផ្លូវចិត្ត ដែលក្នុងពេលខ្លះស្ទើរតែធ្វើឲ្យ​អ្នកនាងចង់ឆ្គួតម្ដងៗ។ អ្នកនាង ក៏បាន​ប្រកាសថា ក្រោយបែកបាក់ពីលោក កា សាវុធ ដែលជាមេធាវីសម្បូរទ្រព្យ អ្នកនាងសុខចិត្តបន្ទាបខ្លួនទៅ​យកបុរសសាមញ្ញ មុនមានទ្រព្យសម្បត្តិ​ ព្រោះតែចង់បានសុខ ប៉ុន្តែចុងក្រោយកើតទុក្ខលើសដើម។

អ្នកនាងបន្តថា រវាងខ្លួន និងស្វាមី អត់មានអេតាស៊ី​វិលទេ អ៊ីចឹងហើយ ទើបការបែកគ្នា គ្រាន់តែប្ដឹងអាជ្ញាធរ ឈប់ឲ្យ​ឈ្មោះ វិសាល ចូលផ្ទះ ហើយផ្ដាច់ទាំងសិទ្ធិមកប៉ះពាល់កូន គឺចប់សព្វគ្រប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor