header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះ   បង្ក្រាប នៅតូបលក់បារីក្នុងបរិវេណផ្សារធំថ្មីចំនួន២តូបជាប់គ្នានិងនៅផ្ទះមួយកន្លែងទៀតនៅក្នុងសង្កាត់ផ្សារថ្មី១ខណ្ឌដូនពេញបានកំពុងតែរកស៊ីចែកចាយបារី 555 ក្លែងក្លាយ បានជាង១០០០សុង កាលពីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។

ប្រតិបត្តិការចុះបង្រ្កាបការលួចលក់បារី(555)ក្លែងក្លាយនោះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយអនុវត្តផ្ទាល់ដោយលោកឧត្តមសនីយ៍ទោ មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីលក់ចែកចាយ បារី 555 ក្លែងក្លាយ នៅក្នុងផ្សារធំថ្មី និងផ្ទះលេខ២៨Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន British American Tobacco ដែលជាក្រុមហ៊ុន ចែកចាយផ្តាច់មុខលើ បារី 555 ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបជាក់ស្តែងតែម្តង។

លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានឲ្យដឹងថាសមត្ថកិច្ចបានចុះត្រួតពិនិត្យលើ៣ទីតាំង ក្នុងនោះ គឺនៅតូបលក់បារីលេខ ០០១+០០២ និង តូបគ្មានលេខជាប់គ្នា ក្នុងផ្សារធំថ្មី ដោយដើម្បីរក្សានូវសណ្តាប់ធ្នាប់របៀបរៀបរយក្នុងផ្សារ កម្លាំងសមត្ថកិច្ចសម្រេចឲ្យម្ចាស់តូបទាំងពីរខាងលើ ស្ម័គ្រចិត្តប្រមូលនូវបារីក្លែងក្លាយដែលពួកគាត់មានលក់ យកមកប្រគល់ជូនសមត្ថកិច្ច នៅក្នុងទីស្នាក់ការនៃរដ្ឋាករស្វយ័តផ្សារធំថ្មី ដែលជាលទ្ធផលសមត្ថកិច្ចដកហូតបានបារី 555 ក្លែងក្លាយសរុបចំនួន ៣២សុង ។

លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ បានបន្តទៀតថាបន្ទាប់មកទៀតសមត្ថកិច្ចបានបន្តទៅឆែកឆេរផ្ទះលេខ២៨Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលមានម្ចាស់ឈ្មោះ ឈួន ឆេង ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ (ជាម្ចាស់តែមួយជាមួយតូបលេខ ០០១+០០២) សមត្ថកិច្ចបានរកឃើញបារី 555ក្លែងក្លាយសរុបចំនួន ២០ប៊ិច និង២៤សុង (ស្មើនឹង ១០២៤សុង) និងបានដកហូតវត្ថុតាងទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន ហើយតម្រូវអោយម្ចាស់ទីតាំង ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ាត់ យូសុះ បានបញ្ជាក់ដែរថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៨នេះ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការបង្ក្រាបករណីចែកចាយបារីខុសច្បាប់ជាច្រើនលើករួចមកហើយ ប៉ុន្តែនៅតែសង្កេតឃើញមានការដាក់តាំងលក់ និងចែកចាយនូវបារីខុសច្បាប់ច្រើនប្រភេទនៅតាមបណ្តាទីផ្សារជាច្រើនដដែល ទាំងបារីក្លែងក្លាយ បារីពុំមានសារព្រមានសុខភាពត្រឹមត្រូវ ក៏ដូចជាបារីដែលគ្មានតែមប្រិ៍ពន្ធផងដែរ។ ដូចនេះសមត្ថកិច្ចសូមទទូចដល់បងប្អូនអាជីវករ សូមទទួលលក់តែបារីដែលមានតែមប្រិ៍ពន្ធ និងសារព្រមានសុខភាពជារូបភាព និងអក្សរខ្មែរត្រឹមត្រូវ ដើម្បីចៀសវាងការប្រឈមណាមួយចំពោះផ្លូវច្បាប់។

លោកបញ្ជាក់ទៀតថាលក្ខណៈសំគាល់របស់បារី 555 ក្លែងក្លាយ គឺប្រើប្រាស់សារព្រមានសុខភាពជាភាសាអង់គ្លេស ដែលបន្លំជាមួយបារីដែលលក់នៅក្នុងផ្សារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post