
ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់បែកមុខខ្ទេច ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ និង២នាក់ទៀត រត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នា៣នាក់ ក្នុងល្បឿនលឿនចេញពីទិញថ្នាំញៀន ក៏ជ្រុលទៅបុករថយន្ត Lexus 570 ដែលកំពុងបត់ឆ្លងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសំណង់អនាធិបតេយ្យ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង 1C-5102 ឌុបគ្នា ចេញពីទិញថ្នាំញៀន រួចធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈពួកគេជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus RX570 ពាក់ស្លាកលេខ កណ្ដាល 2C-8838 កំពុងបត់ឆ្លងបានពាក់កណ្ដាលផ្លូវហើយនោះ ក៏ត្រូវម៉ូតូជ្រុលទៅបុកចំកង់មុខរថយន្តខាងឆ្វេងពេញទំហឹងតែម្ដង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកមុខខាងឆ្វេង និងម៉ូតូខូចខាតបន្តិចបន្តួច។ ដោយឡែក ម្ចាស់ម៉ូតូបានបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់បែកមុខមាត់ធ្ងន់ធ្ងរ ខណៈបុរស២នាក់ទៀត ដែលរងរបួសស្រាល បាននាំគ្នារត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចមកដល់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ ហើយទាក់ទងទៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះនោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ព្រមទាំងទាក់ទងហៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចយកទាំងម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕







