
ត្បូងឃ្មុំៈ បុរស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតបុកគ្នាពេញទំហឹង លើផ្លូវជាតិលេខ៧ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វេលាម៉ោង៤៖៥០នាទីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។
សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាងរថយន្តម៉ាកកាមរីហើម (camry) ពណ៌ស្លែ ពាក់ស្លាកលេខកំពង់ចាម 2A-0459 បុកមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 2I-6550។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីហើម បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៧ លុះមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តមួយគ្រឿងទៀត តែមិនផុតក៏ជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ដែលបើកបរក្នុងទិសដៅពីលិចទៅកើតចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង បណ្តាឲ្យអ្នកបើកបរម៉ូតូឈ្មោះ ស៊ន ស៊ាងហៃ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជាំសោម ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរ២នាក់ទៀត ១-ឈ្មោះ ស៊ាប អូន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៩៤ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ(ស្លាប់នៅនឹងកន្លែងកើតហេតុ) ២-ឈ្មោះ រិន សេងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។ បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាន បានទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីដោះស្រាយតាមច្បាប់។ ចំណែកអ្នករបួស ត្រូវបានបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ។ ដោយឡែកសាកសពត្រូវបានជំនាញនគរបាលចរាចរណ៍ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។

បញ្ជាក់ ខណៈពេលសមត្ថកិច្ចយើងបានត្រួតពិនិត្យនៅក្នុងរថយន្តពុំមានរកឃើញវត្ថុតាងអ្វីមួយដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ៕




