
ព្រះវិហារៈ ស្ត្រីវ័យកណ្ដាលម្នាក់ ត្រូវបានឃាតកដៃឆៅចាក់សម្លាប់ ដោយការចាក់ចំបំពង់កធ្លាយពីម្ខាងទៅម្ខាង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យ បានគេចខ្លួនបាត់រហូតមកទល់ពេលនេះ។
អំពើឃាតកម្មលើស្ត្រីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងដីចម្ការចម្ងាយពីភូមិប្រហែល៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចជំនាញ ប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហៀប សុភាព អាយុ៥១ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ ចាក់ចំបំពង់ក ធ្លាយពីឆ្វេងទៅស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយពីកើតហេតុហើយនោះ សមត្ថកិច្ចក៏បានចុះទៅធ្វើកោសល្យវិច័យលើសាកសព រួចបានធ្វើការសន្និដ្ឋានថា ករណីនេះ ជាករណីឃាតកម្ម។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួនជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕



