
ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីចូលលួចមាន់ រួចកាប់ម្ចាស់មាន់ បណ្តាលឲ្យស្លាប់។
អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត ប្រាប់ឲ្យថា ជនសង្ស័យមានឈ្មោះ ជា ហៃ ភេទប្រុស អាយុ១៦ឆ្នាំ។ រីឯជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទប្រុស អាយុ៥១ឆ្នាំ។

លោកអធិការបន្តថា នាវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភាម្សិលមិញនេះ នៅចំណុចដីឡូតិ៍ចំការស្វាយ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង មានជនសង្ស័យ៣នាក់ ឈ្មោះ ជា ហៃ ឈ្មោះ តួ និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បាននាំគ្នាផ្លោះរបងចូលទៅក្នុងដីឡូតិ៍ចំការស្វាយ ដើម្បីលួចមាន់។
ពេលនោះ ជនរងគ្រោះឮឆ្កែព្រុសក៏បញ្ចាំងភ្លើងពិល ឃើញជនសង្ស័យកំពុងទាញសំណាញ់លួចមាន់ ទើបងើបពីគ្រែដេកស្ទុះចេញទៅចាប់ជនសង្ស័យ រួចពួកជនសង្ស័យនាំគ្នាវាយជនរងគ្រោះឲ្យដួលទៅលើដី ហើយជនសង្ស័យឈ្មោះ តួ ស្ទុះទៅយកកាំបិតផ្គាក់របស់ជនរងគ្រោះនៅក្រោមគ្រែ កាប់ទៅលើជនរងគ្រោះចំកញ្ចឹងក, ចំថ្ពាល់ខាងស្តាំ និងចំក្បាលរបួសធ្ងន់ រួចនាំគ្នាគេចខ្លួន ដោយបោះកាំបិតផ្គាក់ចោលនៅកន្លែងកើតហេតុ។

លោកបន្ថែមថា រហូតដល់ម៉ោង១០៖០០នាទីយប់ថ្ងៃកើតហេតុ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ ឈ្មោះ ជា ហៃ។ ដោយឡែក ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ប៉ុន្តែជាអកុសល្យគេបានស្លាប់បាត់បង់ជីវិត។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ជា ហៃ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសមត្ថកិច្ចធ្វើការសាកសួរ និងស្រាវជ្រាវរកចាប់ខ្លួនបក្ខពួករបស់គេយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ បន្ទាប់ពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
