
ភ្នំពេញៈ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបាន បន្ទាប់ពួកគេធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្ត LEXUS 570 កាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្សារថ្មី ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ ស្ថិតសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ ប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន CAM POST ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជាជនសង្ស័យ ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-6227 ឆ្វែលទីតាំងកើតហេតុប្រហែលជា២ជុំ ហើយស្រាប់តែពួកគេឈប់ម៉ូតូ រួចជនសង្ស័យម្នាក់ បានចុះមកធ្វើសកម្មភាពគាស់កញ្ចក់រថយន្ត LEXUS 570 ដែលចតនៅចញ្ចើមផ្លូវបានសម្រេច តែត្រូវបានសន្តិសុខយាមនៅគោលដៅនោះ ឃើញទាន់ក៏រត់ដេញចាប់បានម្នាក់ រីឯម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោលឈឹង។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋក៏បានស្វាគមន៍ជនសង្ស័យម្នាក់មួយដៃម្នាក់មួយជើង ទើបហៅសមត្ថកិច្ចឲ្យមកយកម៉ូតូ និងជនសង្ស័យទៅប៉ុស្តិ៍នគរបាលផ្សាថ្មីទី៣ ហើយម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕





