
កំពតៈ រថយន្តធុនយក្សពីរគ្រឿង បោលបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខាងលើនេះ កើតឡើងវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្លូវចូលកំពង់ផែគីឡូដប់ពីរ ស្ថិតក្នុងភូមិគីឡូដប់ពីរ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តហ៊ីយ៉ាន់ដាយធុនធំដឹកស៊ីម៉ងត៍មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តធុនធំមួយគ្រឿងទៀតម៉ាកហ៊ីណូ ក្នុងទិសដៅបញ្រ្ចាសគ្នាពេញទំហឹងលាន់រន្ទះ បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់។

អ្នកឃើញហេតុការណ៍ បន្តថា ក្រោយកើតហេតុភ្លាម អ្នកភូមិចូលទៅជួយ ដោយឃើញបុរសពីរនាក់ ជាប់ក្នុងកាប៊ីនរថយន្តហ៊ីយ៉ាន់ដាយ ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ ទើបនាំគ្នាយកចេញ និងហៅរថយន្តដឹកទៅកាន់មន្ទីរជាបន្ទាន់។

សមត្ថកិច្ចស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ១. ឈ្មោះ ស៊ុន ចន្ថា អាយុ ២៣ឆ្នាំ ជាអ្នកបើកបររថយន្ត ២. ឈ្មោះ ឡុង តិច អាយុ ៤៥ឆ្នាំ អ្នកទាំងពីរត្រូវជាឪពុក និងកូន ហើយមានទីលំនៅភូមិព្រៃដុប ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នកបើកបររថយន្តហ៊ីណូ បន្ទាប់ពីកើតហតុភ្លាម បើកទ្វាររថយន្តរួចរត់គេចបាត់៕


