
ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រកាសពន្យារពេលអំពីការដាក់ញត្តិទៅស្ថាប័នរដ្ឋាភិបាល ដើម្បីសុំឲ្យមានការអន្តរាគមន៍លើតម្លៃកសិផលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា។ ការពន្យារពេលនេះ ដោយលោកអះអាងថា មានលក្ខណៈខុសបច្ចេកទេស និងក្រុមការងារមានភារកិច្ចបន្ទាន់ ពាក់ព័ន្ធកិច្ចការបោះឆ្នោត។
យោងតាមគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរថា "ខ្ញុំ ពេជ្រ ស្រស់ សូមប្រកាសពីការដាក់ញត្តិ នៅថ្ងៃនេះ គណបក្សយុវជនកម្ពុជា សូមធ្វើការពន្យាពេលអំពីការដាក់ញត្តិ ដោយសារតែញត្តិមានលក្ខណៈខុសបច្ចេកទេស និងក្រុមការងារ មានភារៈកិច្ចបន្ទាន់ពាក់ព័ន្ឋកិច្ចការបោះឆ្នោត"។

សូមរំឭកថា គណបក្សយុវជនកម្ពុជា នឹងយកញ្ញត្តិទៅដាក់ជូនស្ថាប័នរដ្ឋាភិបាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ រួមមាន រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីទាមទារឲ្យក្រសួងពាណិជ្ជកម្ម បញ្ចុះនូវតម្លៃប្រេងសាំង និងទាមទារឲ្យក្រសួងកសិកម្ម ដំឡើងតម្លៃផលិតផលកសិកម្ម ជូនកសិករខ្មែរ ក្នុងការធានានូវជីវភាពរបស់ពួកគាត់។ ប៉ុន្តែការយកញត្តិដាក់ស្នើអន្តរាគមន៍នេះ ត្រូវបានពន្យារពេល ដោយមិនកំណត់ថ្ងៃច្បាស់លាស់៕
