header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក LEXUS RX570 បើកបរដោយជនជាតិចិន បានធ្វើដំណើរពីជើងទៅត្បូងបញ្ច្រាសផ្លូវ ក្នុងគោលបំណងបត់ចូលរោងចក្ររបស់ខ្លួន ត្រូវរថយន្តម៉ាក Mazda ស៊េរីទំនើបដូចគ្នា ដែលធ្វើដំណើរពីត្បូងទៅជើង បុកចំពីមុខពេញទំហឹង បណ្តាលឲ្យរងនូវការខូចខាត១កំណាត់មុខទាំងស្រុង។ ចំណែករថយន្ត Mazda ក៏ខ្ទាតប៊ិះធ្លាក់ផ្លូវផងដែរ ហើយរងការខូចខាតធ្ងន់ធ្ងរដូចគ្នា។

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើបព្រលះគ្នានេះ កើតឡើងនៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីនៅកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក LEXUS RX570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5579 ធ្វើដំណើរពីជើងមកត្បូង ហើយបើកបរដោយជនជាតិចិន បញ្ច្រាសផ្លូវក្នុងគោលបំណងបត់ចូលរោងចក្ររបស់ខ្លួន ក៏ត្រូវរថយន្ត Mazda ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-5922 ធ្វើដំណើរពីត្បូងមកបុកចំពីមុខពេញទំហឹងតែម្តង បណ្តាលឲ្យនូវការខូចខាតទាំងសងខាង។ ក្នុងហេតុការណ៍នេះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿង ក៏ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយគ្នាតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post