
កោះកុងៈ មួយរយៈពេលចុងក្រោយនេះ លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កំពុងល្បីល្បាញកាន់តែខ្លាំង ខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ កាន់តែច្រើនឡើងៗ។ ការដែលលោក សំ កុសល ហ៊ានប្រព្រឹត្តអំពើពុករលួយ ដោយមិនញញើតច្បាប់បែបនេះ ដោយសារអាងខ្នងធំជាង និងអាចបញ្ជាលោក គុណ ញឹម អគ្គនាយកគយ ដែលជាមេកើយរបស់ខ្លួនទៅទៀត។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិចាំយាម ក៏ដូចជានៅច្រកប៉ាក់ខ្លង បង្ហើបប្រាប់ Cam Post ឲ្យដឹងថា ភាគច្រើននៃទំនិញនាំចូលតាមច្រកទាំងនេះ បង់ពន្ធត្រឹមតែ២៥ទៅ៣០ភាគប៉ុណ្ណោះ ហើយក្រៅពីនេះ ត្រូវធ្លាក់ទៅក្នុងហោប៉ៅលោក សំ កុសល យ៉ាងត្រជាក់ចិត្ត។ ហេតុនេះហើយ ទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សំ កុសល។

ដោយឡែក ប្រភពពីមន្ត្រី និងភ្នាក់ងារគយ ក្នុងខេត្តកោះកុង មួយចំនួន បានឲ្យដឹងថា មកដល់ពេលនេះ នៅតែមានឈ្មួញធំៗជាច្រើននាក់ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីថៃ ចូលទឹកដីខ្មែរ តាមច្រកទ្វាភាគីអន្តរជាតិចាំយាម និងច្រកផ្លូវសមុទ្រជាច្រើនកន្លែងទៀតយ៉ាងពេញបន្ទុក។ ការដែលឈ្មួញទាំងនោះ អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំ កុសល ដែលកំពុងប្រើតួនាទី និងអំណាច ដើម្បីប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ចំណែកប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករមួយចំនួន ក៏បានបង្ហើបឲ្យដឹងដែរថា ការដែលលោក សំ កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយកគយទៅទៀត ហើយខ្នងបង្អែករបស់លោក សំ កុសល អាចបញ្ជាលើលោក គុណ ញឹម ទាំងយប់ទាំងថ្ងៃទៀតផង។

តាមការអះអាងរបស់មន្ត្រីមួយចំនួន ដែលបម្រើការងារនៅច្រកទ្វាអន្តរជាតិចាំយាម និងច្រកស្រែអំបិល ក៏ដូចជាច្រកប៉ាក់ខ្លង បានឲ្យដឹងថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ដែលឈ្មួញសម្រុកដឹកជញ្ជូនពីទឹកដីថៃនោះ មានដូចជា ស្រាបៀរច្រើនប្រភេទ ភេសជ្ជៈ ទំនិញចាប់ហួយ គ្រឿងសំណង់ និងគ្រឿងសំអាងជាដើម។ ទន្ទឹមនឹងនេះ មានឈ្មួញមួយចំនួន នាំចូលម៉ូតូទំនើបៗ គេចពន្ធ និងរថយន្តទំនើបៗគេចពន្ធផងដែរ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សំ កុសល ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនោះ ទំនិញចាប់ហួយច្រើនប្រភេទ ត្រូវឈ្មួញនាំចូលតាមច្រកស្រែអំបិល ច្រកប៉ាក់ខ្លង ដោយដឹកជញ្ជូនតាមទូកធំៗ ហើយសាងដាក់រថយន្តយកទៅចែកចាយឲ្យម៉ូយក្នុងទីរួមខេត្តកោះកុង និងមួយផ្នែកធំ ដឹកជញ្ជូនចូលទៅដល់រាជធានីភ្នំពេញ។
ប្រភពដែលស្និទ្ធនឹងលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ឲ្យដឹងថា មន្ត្រី និងភ្នាក់ងារគយតូចតាច មិនហ៊ានតវ៉ាប្រឆាំងទៅនឹងអំពើពុករលួយរបស់លោក សំ កុសល នោះទេ ព្រោះលោក សំ កុសល តែងប្រើប្រាស់ឈ្មោះមេគយធំៗនៅខាងលើ ដើម្បីបិទបាំងទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ក្នុងចំណោមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ គឺឈ្មួញឈ្មោះ ចែហួង កំពុងធ្វើសកម្មភាពខ្លាំងក្លាជាងគេ ដោយសារអាងបង្អែករបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ធ្វើជាបង្អែកយ៉ាងរឹងមាំ។
ប្រការនេះ គឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក គុណ ញឹម ដែលជាអគ្គនាយគយ មិនហ៊ានប៉ះពាល់លោក សំ កុសល ទាល់តែសោះ។
ជាងនេះទៅទៀត លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកអន្តរជាតិចាំយាម និងច្រកកំពង់ផែជាច្រើនកន្លែងទៀត កំពុងធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ៕
