
កណ្តាលៈ គ្រូថ្នាំខ្មែរម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ កាលពីវេលាម៉ោង៤រសៀល ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធជួញដូរថ្នាំញៀន។
វរេសនីយឯក សេង សុ ជាតិ អធិកាស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ យឿន យុន ហៅគ្រូពួ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូថ្នាំខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាថ្ងៃកើតហេតុខាងលើ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ។ ភ្លាមៗនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ និងក្រុមប្រឹក្សាឃុំ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ និងឆែកឆេរបន្ទប់លក់ឥវ៉ាន់ចាប់ហួយរបស់ជនសង្ស័យខាងលើរកឃើញថ្នាំញៀន៤កញ្ចប់ ដែលគេបានលាក់ទុកក្នុងកាតូសម្រាប់ដាក់ទឹកឲ្យមាន់ផឹក ទើបឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ឈ្មោះ តឿ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅវាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ បានឲ្យគ្រឿងញៀនទាំងនេះមកខ្លួនដើម្បីរំលែកលើកបន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដនីតិវីធី៕


