
ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូ Scoopy ទៅបុករថយន្តកុងតឺន័រ ហុង ឡេងហួរ ដែលចតបញ្ច្រាសទិសទុកចោលលើផ្លូវ ដោយមិនដាក់សញ្ញាសម្គាល់ត្រឹមត្រូវ បណ្ដាលឲ្យរងរបួសដៃធ្ងន់ និងសន្លប់ស្ដូកស្ដឹង។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ តាមមហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងទីន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4879 ជារបស់ក្រុមហ៊ុន ហុង ឡេងហួរ បានមកឈប់ចតចោលដោយបញ្ច្រាសផ្លូវកម្ពុជាក្រោម ដោយមិនបានសុំផ្លូវ ឬដាក់សញ្ញាត្រឹមត្រូវឡើយ។ លុះនៅវេលាកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BV-1372 ទៅបុករថយន្តកុងតឺន័រនោះ ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសដៃធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងងតែម្ដង។ ឃើញដូច្នេះ តៃកុងរថយន្តក៏បានឡើងលើរថយន្ត រួចចុចភ្លើងសុំផ្លូវវិញ។

ក្រោយពេលកើតហេតុ ដោយមិនឃើញមានសមត្ថកិច្ចចុះទៅកន្លែងកើតហេតុនោះ ទើបបុរសរងគ្រោះសុំឲ្យភាគីខាងរថយន្តជួយចេញថ្លៃមើលរបួស និងសងថ្លៃខូចខាតម៉ូតូប៉ុណ្ណោះ តែតៃកុងរថយន្តប្រាប់ថា រង់ចាំខាងក្រុមហ៊ុនធានារ៉ាប់រង ចុះមកជួយសងតាមសភាពខូចខាត និងរបួសជាក់ស្ដែង៕


វីដេអូ ៖