header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិពីស្ត្រីម្នាក់ បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ខណៈស្ត្រីរងគ្រោះជិះម៉ូតូឌុបកូនទៅរៀន ហើយទុកដាក់អីវ៉ាន់ដោយធ្វេសប្រហែស។ យ៉ាងណា នេះចាត់ទុកជាសំណាងល្អផងដែរ ដែលជនរងគ្រោះស្គាល់ជនសង្ស័យ ហើយប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយកមកចាត់ការតាមច្បាប់។

ករណីចោរឆក់ទ្រព្យសម្បត្តិរបស់ពលរដ្ឋ តាមដងផ្លូវសាធារណៈខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២៖២៧នាទី ថ្ងៃត្រង់ ថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា​ ឆ្នាំ​២០១៨ ត្រង់ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ បានបាត់បង់ខ្សែកចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀនត្រា១វង់, កងដៃ៧កង, ប្រាក់ដុល្លារ២៥០ដុល្លារ និងប្រាក់រៀល១.០០០.០០០៛(មួយលានរៀល)។ ចំណែកជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ សុខ ភី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មរកំពង់ផែភ្នំពេញ (អ្នកបើកម៉ូតូ) និងទី២-ឈ្មោះ ស៊ិម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (អ្នកដៃដល់ធ្វើសកម្មភាព)។

សមត្ថកិច្ចបន្តថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះឌុបកូនទៅសាលារៀនជ័យឧត្តម ដោយដាក់ស្បោងសម្ភារៈមានតម្លៃខាងលើនៅជាប់ដៃម៉ូតូខាងឆ្វេង។ ពេលនោះ ជនសង្ស័យបានជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកស្បោងដាក់សម្ភារៈរបស់ជនរងគ្រោះ រួចជិះម៉ូតូមកទិសខាងភ្នំពេញ គេចខ្លួនបាត់ស្រមោល។ បន្ទាប់មក ដោយជនរងគ្រោះស្គាល់ជនសង្ស័យឈ្មោះ សុខ ភី ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ។

ក្រោយទទួលបានពាក្យបណ្តឹងហើយនោះ កម្លាំងជំនាញ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក និងប៉ុស្តិ៍នគរបាលសំរោងធំ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរ និងដកហូតវត្ថុតាងមួយចំនួន រួមមាន ខ្សែកចំនួន៥ខ្សែ, ខ្សែដៃ១ខ្សែ, ចិញ្ចៀនត្រា១វង់, កងដៃ៧កង, ប្រាក់ដុល្លារ១៥០ដុល្លារ, ប្រាក់រៀល១៤០.០០០៛(ដប់បួនម៉ឺនរៀល), ម៉ូតូ១គ្រឿងម៉ាក SUZUKI nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-7563 និងថង់ផ្លាស្ទិកមានដៃយួរពណ៌លឿង១ ហើយក៏បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ដើម្បីសួរនាំតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ បន្ទាប់មក ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post