
ភ្នំពេញៈ បុរសម្នាក់ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈពេលកំពុងបើកម៉ូតូ ឆ្លៀតដកទូរស័ព្ទយកមកចុចទាំងមិនបានមើលទៅមុខ ក៏ជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវជិតភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ត្រី បណ្តាលឲ្យបាក់ដៃឆ្វេង២កំណាត់ សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នាំគ្នាចុះមកជួយសង្គ្រោះបឋម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយការធ្វេសប្រហែសខ្លួនឯងនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចជិតរង្វង់មូលវិមានឯករាជ្យ ក្បែរភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ត្រី ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ ប្រាប់អោយភ្នាក់ងារសារព័ត៌មាន CAM POST ដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណខាងលើ ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CF-4949 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសម។ លុះមកដល់ចំណុចកើតហេតុ ខណៈពេលកំពុងបើកម៉ូតូ តែឆ្លៀតដកទូរស័ព្ទយកមកចុចទាំងមិនបានមើលទៅមុខ ក៏ជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យដួលម៉ូតូរងការខូចខាតបន្តិចបន្តួច។

ប្រភពបន្តថា ចំណែកបុរសម្ចាស់ម៉ូតូវិញ បានបាក់ដៃឆ្វេង២កំណាត់ សន្លប់ស្ដូកស្ដឹងនៅលើផ្លូវកន្លែងកើតហេតុ តែត្រូវបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ នាំគ្នាចុះមកជួយសង្គ្រោះបឋម និងទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ កងកម្លាំងសមត្ថិច្ច ដែលប្រចាំការនៅគោលដៅជិតកន្លែងកើតហេតុខាងលើ បានជួយលើកម៉ូតូរបស់ជនរងគ្រោះឡើង ស្រាប់តែមានសាច់ញាតិជនរងគ្រោះបានមកដល់ ក៏អនុញាតឲ្យសាច់ញាតិជិះម៉ូតូជនរងគ្រោះទៅមន្ទីរពេទ្យជាមួយគ្នាតែម្ដង៕


