header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានអះអាងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកនាង អ៊ុក​ ផល្លា​ ជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធ​សាធ​ ដោយមិនមែនជារឿងនយោបាយនោះទេ។

ក្នុងសន្និសីទសារព័ត៌មាន អំពីករណីគ្រោះថ្នាក់ចរាចរណ៍របស់ សម្តេចក្រុមព្រះ នាព្រឹកថ្ងៃទី​  ២១​ ខែមីថុនា នៅសាលប្រជុំអគ្គស្នងការដ្ឋាននៃអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងស្នងការនគរបាលជាតិបានមានប្រសាសន៍ថា អគ្គស្នងការបានធ្វើការស៊ើបអង្កេតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ និងអ្នកនាងនេះ យ៉ាងចិត្ដទុកដាក់ ដោយមើលឃើញថា គ្រោះថ្នាក់នេះ គឺមិន​ដោយចេតនានោះទេ ហើយមិនដូចការលើកឡើងនៅក្នុងបណ្ដាញសង្គមនោះទេ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការជួបគ្រោះថ្នាក់នេះ ដោយសារតែភាគីរថយន្ដឈ្នួលបានដឹកលើសទម្ងន់​ និងបើកលើសល្បឿនកំណត់​ ដែលបណ្ដាលឲ្យ​បុកគ្បួនរថយន្ដសម្ដេចក្រុមព្រះ បណ្ដាលឲ្យ​សម្ដេចក្រុមព្រះរងរបួសធ្ងន់ និងអ្នកនាងទទួលមរណភាព។

ក្នុងឱកាសនោះ​ លោក​បានច្រានចោល​ ខណៈដែលមានពាក្យចចាមអារ៉ាមនៅលើបណ្ដាញសង្គមបានលើកឡើងថា ការគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ និងអ្នកនាងជារឿងនយោបាយ។

ជាមួយគ្នានេះ​  លោក​ វ៉ុល​ សារ៉េត​  ដែលជាអ្នកបើករថយន្ដឈ្នួល ត្រូវបានតុលាការចេញដីកាបង្កាប់ឲ្យ​ឃុំខ្លួនជាបណ្ដោះអាសន្ននាក្រុងព្រះសីហនុ​ ដើម្បីចាត់កាបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានកើតឡើង បន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌ័រមួយគ្រឿង បើកបុកព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

គួររំលឹកដែរថា កាលពីខែមេសា ឆ្នាំ២០១៥ កន្លងទៅ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ក៏ធ្លាប់បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីត្រឡប់មកពីការជួបសំណេះសំណាលអ្នកគាំទ្ររបស់ព្រះអង្គ ពីខេត្តកំពង់ចាម។ ឆ្នាំ២០១៧ ក្បួនរថយន្តដង្ហែសម្ដេចក្រុមព្រះ ដែលគ្រោងនឹងចុះទៅជួបសំណេះសំណាល ជាមួយពលរដ្ឋក្នុងខេត្តកំពត ក៏ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បណ្ដាលឲ្យក្បួនរថយន្តធ្លាក់ចូលក្នុងស្រែ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post