
ភ្នំពេញ៖បើយោងតាមសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងជនដែលបង្ហោះសារប្រើប្រាស់ពាក្យ សម្ដីមិនគប្បីចំពោះអង្គព្រះមហាក្សត្រ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ សហការណ៍ជាមួយ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានី ភ្នំពេញ ចាប់ឃាតខ្លូនបានជនសង្ស័យម្នាក់ ប្រើប្រាស់គណនី Facebook ឈ្មោះ «អៀង ជលសា» កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យ ដែលប្រើប្រាស់ពាក្យប្រមាថលើអង្គព្រះមហាក្សត្រនេះ ត្រូវបានឡើងដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងស្នងការដ្ឋានខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី។
លទ្ធផល៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួន ឈ្មោះ អៀង ជុលសា ប្រុស ឆ្នាំ ១៩៩២ ឃាត់ខ្លួនម៉ោង១៦និង៤០នាទីនៅសង្កាត់ បឹងកេងកង២ ខណ្ឌចំការមន ។ បច្ចុប្បន្ននាយដ្ឋានកំពុងសាកសួរនឹងកសាងនីតិវិធីជនខាងលើ និងកសាងសំណុំរឿងបន្តដើម្បីចាត់ ការបន្តទៅតាមនីតិវិធីច្បាប់៕




