header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បាន​អញ្ជើញជាអធិប​តីភាព​ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

មន្រ្តីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានេះ រួមមាន៖ លោក​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត​ នេត​ បារ៉ុម, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ​ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា, លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ​ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

រាជ​បណ្ឌិត្យ​សភាកម្ពុជា ជា​ស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងជាធនាគារខួរក្បាលមួយរបស់ជាតិ។ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ឥស្សរជន និងបញ្ញាជនជាន់ខ្ពស់របស់ជាតិ ដែលជាគោរមវន្តទាំង៨រូប ដែលបានជ្រើសរើសចេញពីការបោះឆ្នោត និងការពិនិត្យវិនិច្ឆ័យដោយក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជានេះ នឹងរួមចំណែកក្នុងការងារអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា ឱ្យកាន់តែ​មានប្រសិទ្ធភាពខ្ពស់ រស់រវើក និងមានសន្ទុះទ្វេឡើង ព្រមទាំងខិតខំសម្រេចឱ្យបាននូវស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកជូនអ្នកជំនាន់ក្រោយ ហើយដើរតួនាទីជាគំរូទាំងស្នាដៃ និងកិត្តិស័ព្ទដល់ឥស្សរជននិងបញ្ញាជនដទៃទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post