header ads

Sponsor

ពិសី

ក្រចេះ៖ ទោះមានផលលំបាក ឬហៅថា មានភាពចង្អៀតក្នុងការដឹកជញ្ជូនឈើប្រណីតចេញទៅលក់នៅប្រទេសវៀតណាម ប៉ុន្មានខែចុងក្រោយនេះ ពោលគឺថៅកែធំៗមួយចំនួនបានទម្លាក់ដៃសំងំ ព្រោះមានសេចក្តីរាយការណ៍មកថា ពួកគេមានឈ្មោះក្នុងបញ្ជីខ្មៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហើយ បើនៅប្រព្រឹត្តបទល្មើសព្រៃឈើទៀតនោះ គ្មាននរណាជួយបាននោះទេ។

ខុសពីថៅកែមុនៗ ដែលហៅថា មានខ្នងតូច ឬចាយលុយមិនគ្រប់ លោកឧកញ៉ា គង់ ក្រឹង ដែលជាជើងខ្លាំងរកស៊ីបទល្មើសព្រៃឈើ តាំងពីខ្លួនក្ររហូតក្លាយជាមហាសេដ្ឋី ប្រចាំទឹកដីនៃខេត្តក្រចេះ បានបន្តសកម្មភាពយ៉ាងរស់រវើក ក្នុងការជំជួញដូរឈើប្រណីតចេញទៅកាន់ប្រទេសវៀតណាម តាមរូបភាពតូចៗ ដូចជាតាមម៉ូតួ និងរថយន្តសាំយ៉ុងជាដើម។

សេចក្តីរាយការណ៍មកថា លោកឧកញ៉ា គង់ ក្រឹង កំពុងតែឈរកាងផ្លូវឲ្យជនជាតិវៀតណាមប្រមូលទិញឈើស្តុកទុកនៅក្នុងឃ្លាំងរបស់គាត់មួយកន្លែងក្នុងចម្ការកៅស៊ូ និងនៅត្រង់ចំណុចក្រោលគោខាងក្រោយបន្ទាយទាហានស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅឃុំ២ធ្នូ បានប្រាប់ CAM POST (ខេមប៉ុស្តិ៍) ថា លោក គង់ ក្រឹង បានឈូសផ្លូវរបៀងមួយ ដើម្បីសម្រួលដល់ការនាំឈើចេញទៅប្រទេសវៀតណាម។

ក្រុមប្រជាពលរដ្ឋនៅលើដងផ្លូវជាតិលេខ៧A បានរិះគន់ចំទៅលើលោកអភិបាលខេត្ត ទើបតែឡើងថ្មីថា មិនបានគិតពីសុវត្ថិភាពរបស់កូនចៅពួកគាត់ឡើយ ព្រោះអីក្រុមរថយន្តសាំយ៉ុង និងក្រុមម៉ូតូដឹកឈើទាំងនោះ បើកមិនគោរពច្បាប់ចរាចរណ៍ បើកប៉ាតណាប៉ាតណីពេញតែដងផ្លូវ បង្កភាពភ័យខ្លាច ដល់ពួកគាត់ជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋ និងអាជ្ញាធរមួយចំនួន បានស្នើដល់សម្តេចតេជោ ហ៊ុន សែន សូមដាក់បញ្ជាបោសសម្អាតក្រុមឈ្មួញឈើ ពិសេសលោកឧកញ៉ា គង់ ក្រឹង ដែលនៅតែផ្គើននឹងច្បាប់ មិនខ្លាចច្បាប់ របស់ប្រទេសកម្ពុជាឡើយ។

ជុំវិញបញ្ហាចោទប្រកាន់ខាងលើនេះ លោក ឧកញ៉ា គង់ ក្រឹង Cam Post មិនអាចសុំការបំភ្លឺបានទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post