
កម្សាន្តៈ គេនៅតែស្ញើចសរសើរចំពោះប្រជាប្រិយភាពរបស់កញ្ញា សួស វីហ្សា ដោយអ្នកណាៗក៏លាន់មាត់ចំពោះវាសនានាងថា ហក់ឡើងមួយក្ឌាំងនេះ ក្រោយក្លាយជាគណៈកម្មការចម្រៀងនៅហង្សមាសមក ពិតជាមើលឃើញថា នាងមានទេពកោសល្យខ្លាំង ហើយប្រជាប្រិយភាពនាង ក៏កាន់តែទៅមុខលឿនដូចរន្ទះ។

គ្រាន់តែបានទទួលតំណែងធំ គេឃើញអតីតតារាចម្រៀងផលិតកម្មរ៉ក់ សួស វីហ្សា ហាក់មានទឹកមាត់លេបជាងពេលមុនៗ ព្រោះពេលនេះ នាងមមាញឹកខ្លាំង ដោយពេលខ្លះសឹងរកពេលធ្មេចភ្នែកឲ្យលង់លក់នាពេលរាត្រីមិនបានផង ដែលខុសពីពេលមុន នាងមានវត្តមានបានតិចតួចបំផុតក្នុងកម្មវិធីដែលរៀបចំដោយហង្សមាស។

ប្រកាសជាផ្លូវការនូវសមាសភាពគ្រូបង្វឹកទាំងបី សម្រាប់កម្មវិធី The Voice Kids Cambodia រដូវកាលទី២ភ្លាម ស្រាប់តែគេឃើញមានវត្តមានគ្រូបង្វឹកថ្មី គឺតារាចម្រៀងច្រើនទម្រង់ សួស វីសា ចូលមកគ្រងតំណែងធំ ជំនួសអ្នកនាង សុគន្ធ នីសា ដែលអះអាងថា រវល់ និងគ្មានពេលគ្រប់គ្រាន់។

សួស វីហ្សា តំណាលថា បន្តមកលើចំណុចនេះ គឺនាងបានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងវិថីសិល្បៈដ៏មានការប្រកួតប្រជែងគ្នានេះ។ នាងថា បរាជ័យលើការប្រឡងចម្រៀងកាលនៅជាបេក្ខជន គឺនាងរងការចាញ់ម្តងហើយម្តងទៀត តែនៅប្រឹង ព្រោះតែចង់ល្បី ទើបអាចយកឈ្នះអ្វីៗបាន។

ស្រីស្រស់រូបនេះ បន្ថែមថា មកដល់ចំណុចមានឈ្មោះសព្វថ្ងៃ ទោះបីជានាងមិនកក្រើកខ្លាំង តែនិយាយពីចិត្តវិញ ពិតជាមានមោទនភាព ដោយទៅណាមកណាគេស្គាល់នាង ហើយឡើងច្រៀង ឬសម្តែងមានអ្នកហ៊ោទះដៃគឺរឹតតែជាកម្លាំងចិត្ត។






សូមបញ្ជាក់ថា សួស វីហ្សា ដុះចេញពីសាលាវិចិត្រសិល្បៈ និងចេះជំនាញច្រើនផ្នែកសិល្បៈ ដូចជាច្រៀងយីកេ មហោរី ប្រពៃណី និងចេះរាំរបាំប្រពៃណីខ្មែរ ហើយធ្លាប់សម្តែងយីកេក្នុងក្រុមសិល្បៈរាជធានីភ្នំពេញផងដែរ។ ប្រវត្តិការងារសិល្បៈ មានតែការរីកចម្រើន ដែលមកដល់ចំណុចនេះហើយ ទើបនាងជាប់ជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក នារដូវកាលទី២៕


