
ឯកឧត្តម អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបញ្ជាឲ្យចាប់គ្រឿងចក្រទាំងអស់ដែលឈូសរំលោភបឹង អាងទឹក និងដីរបស់រដ្ឋ ស្តិតនៅឃុំប្រសាទ និងឃុំស្អាងភ្នំ ក្នុងស្រុកស្អាង ខេត្តកណ្តាល ដោយចាប់បានគ្រឿងចក្រល្មើសច្បាប់ជាច្រើនគ្រឿង។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា កាលពីម្សិញមិញ។
តាមប្រភពដដែលបានបង្ហាញថា៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះ គណៈប្រតិភូស្រុកស្អាង មន្ត្រីជំនាញនិង អាជ្ញាធរនឹងចុះទៅពិនិត្យការឈូសរំលោភអាងទឹកយុវជន ឃុំត្រើយស្លា តាមបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា សកម្មភាពជនគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរ ធី សុវណ្ណថា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកស្អាង ខេត្តកណ្តាល ដែលបានអន្តរាគមន៍ទាន់ពេលវេលា ការពារបឹង អាងទឹក និងដីរដ្ឋឲ្យប្រជាជនប្រើប្រាស់ដូចដើមវិញ។
សូមរំលឹកថាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កញ្ញា ធី សុវណ្ណថា បានសម្រេចសិក្សានិតិវិធីច្បាប់ប្តឹងឧកញ៉ា ឈៀង ប៉ាក់សួរ ករណីឈូសឆាយ អាងទឹកយុវជនរបស់រដ្ឋ និងបំផ្លាញសម្បត្តិសាធារណៈ នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។



