
កោះកុងៈ នគរបាលខេត្តកោះកុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនចំនួន២នាក់ កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមត្ថកិច្ចឲ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកោះកុង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំពោះបទល្មើសជាក់ស្តែង ចំនួន១ករណី នៅចំណុចខាងលើ ដោយឃាត់ខ្លួនជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនចំនួន២នាក់។

ជនសង្ស័យជាមេក្លោងទាំង២ រួមមាន ឈ្មោះ ឃុន សិលា ហៅ ឌុលឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងឈ្មោះ សើ រ៉ហ៊ីម ហៅ ម៉ាប់ អាយុ១៩ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ចំណែកវត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ICE) ចំនួន១២កញ្ចប់ធំ និង១កញ្ចប់តូច សរុបទម្ងន់០.៦kg និងឧបករណ៍សម្រាប់ចែកចាយ ព្រមទាំងប្រើប្រាស់គ្រឿងញៀនចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ចូនទៅកាន់សាលាដំបូងខេត្តកោះកុង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
