header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិចិនមួយក្រុម បានរត់ប្រលែងគ្នាពេញផ្លូវ ស្របពេលសន្តិសុខកោះពេជ្រ២នាក់ ជិះម៉ូតូមកបុកត្រូវជនជាតិចិនម្នាក់ ក៏កើតជាអំពើហិង្សាយ៉ាងសាហាវដូចក្នុងរឿងហុងកុង រវាងភាគីទាំងពីរ ជនជាតិចិន​មួយក្រុម វាយគ្នាជាមួយសន្តិសុខកោះពេជ្រ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលជិត១០នាក់ និងមានជនជាតិចិនម្នាក់ សន្លប់ស្ដូកស្ដឹងផងដែរ។

ហេតុការណ៍ហិង្សាវាយគ្នាដូចរឿងហុងកុងនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃពុធ​ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខហាងយីហោ "សៅដិន​ អ៊ិនធើណេសិនណល" (Southern International) ស្ថិតក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

សន្តិសុខកោះពេជ្រម្នាក់ ដែលត្រូវបានជនជាតិចិន វាយឲ្យរងរបួសបែកមុខ រៀបរាប់ឲ្យភ្នាក់ងារសារព័ត៌មាន Cam Post ដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបសន្តិសុខម្នាក់ទៀត ធ្វើដំណើរចេញពីកន្លែងធ្វើការ បំណងជិះទៅស្កែនមេដៃចេញទៅផ្ទះ។ លុះធ្វើដំណើរមកដល់មុខហាងកើតហេតុខាងលើ ស្រាប់តែមានជនជាតិចិនមួយក្រុម បានរត់ប្រលែងគ្នាពេញផ្លូវ ហើយក៏មានជនជាតិចិនម្នាក់ រត់ក៏ទៅបុកម៉ូតូរបស់គាត់ ហើយប្រកែកតឹង​សរសៃ.កដាក់គ្នា រហូតកើតជាហិង្សាមួយកើតឡើងសាហាវដូចក្នុងរឿងហុងកុង។

ប្រភពបន្តថា ភ្លាមនោះ ស្រាប់តែមានបុរសជនជាតិចិន បើករថយន្តស៊េរីទំនើប២គ្រឿងទៀត ដោយមួយគ្រឿងម៉ាក Porsche ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0007 និងមួយគ្រឿងម៉ាក Celica ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-9998 មកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្ត និងជនជាតិចិន ប្រមាណជាង២០នាក់ផ្សេងទៀត បានដេញវាយខ្លួន(ម្ចាស់ម៉ូតូ) បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រ នាំគ្នាមកអន្តរាគមន៍ និងជួយឃាត់ផងដែរ។ ប៉ុន្តែដោយសារសន្តិសុខឃាត់មិនស្ដាប់ ទើបនាំគ្នាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យជនជាតិចិនម្នាក់ ដែលបើករថយន្តស៊េរីទំនើបនោះ បានសន្លប់ស្ដូកស្ដឹង និងរងរបួសទាំងសងខាង បែកមុខមាត់ជិត១០នាក់ទៀត ហើយក៏មានអ្នករបួសដែលជាសន្តិសុខកោះពេជ្រ ២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុ ហើយទាក់ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត ដឹកជនជាតិចិន ជើងខ្លាំងដែលសន្លប់យកទៅមន្ទីរពេទ្យ។ បន្ទាប់មក សមត្ថកិច្ចបានហៅភាគីទាំងសងខាងមកសម្រួលគ្នា តែនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ​រកមូលហេតុ និងដោះស្រាយតាមផ្លូវច្បាប់។

ចំណែកឯមូលហេតុច្បាស់លាស់យ៉ាងណានោះ យើងមិនទាន់អាចសុំការបញ្ជាក់ពីលោកអធិការរង ដែលទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌចំការមន និងនាយប៉ុស្តិ៍នគរបាលទន្លេបាសាក់ បាននៅឡើយទេ ពាក់ព័ន្ធនឹងករណីហិង្សាយ៉ាងសាហាវ រវាងក្រុមជនជាតិចិន និងក្រុមសន្តិសុខកោះពេជ្រនេះ។ Cam Post នឹងផ្សាយបន្ថែមនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post