ស្ទឹងត្រែងៈ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន “សូរិយា” ដែលដឹកនាំចូលគ្រឿងញៀនជាង១០០គីឡូក្រាម និងជនសង្ស័យ៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នាំខ្លួនទៅដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់តែម្ដង។ សមត្ថកិច្ចបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ នឹងមានការធ្វើសន្និសីទកាសែត បង្ហាញលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនកម្ពុជា-ឡាវនេះ។
លោក លឹម ខេមរិន្ទ ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តស្ទឹងត្រែង រាយការណ៍ឲ្យដឹងថា ជនសង្ស័យចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀនជាង១០០កញ្ចប់ធំៗ ដែលត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រំដែនកម្ពុជា-ឡាវ កាលពីរសៀលថ្ងៃអង្គារនោះ ត្រូវបាននាំខ្លួនដល់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់។
សមត្ថកិច្ចបញ្ជាក់ប្រាប់លោក លឹម ខេមរិន្ទ ថា ជនសង្ស័យទាំង៦នាក់ រួមមាន ទី១-ឈ្មោះ ឈៀវ ធារ៉ូ ភេទប្រុស អាយុ៣៥ឆ្នាំ, ទី២-ឈ្មោះ ហែម សាវ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៣-ធៀវ តុងហៃ ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៤-ឈ្មោះ ញឹម សុខជា ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៥-ឈ្មោះ សៅ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៦-ឈ្មោះ ស បុប្ជា ភេទប្រុស អាយុ៥៨ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ចុងក្រោយនេះ ជាអ្នកបើកបររថយន្តក្រុង ព្រូរថយន្ត និងអ្នកបកប្រែ ដែលសមត្ថកិច្ចឃាត់បានដំបូងគេបង្អស់។

ចំណែកវត្ថុតាង ដែលដកហូតពីក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនខាងលើនេះ មានចំនួន១២០កញ្ចប់ធំ ជាប្រភេទម៉ាទឹកកក អ៊ិចស្ដាហ្ស៊ី ដែលមានទម្ងន់១២០គីឡូក្រាម ក៏ត្រូវបានបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ទាំងយប់ផងដែរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា គ្រឿងញៀនប្រមាណជាង១០០ដុំ មានទម្ងន់ជាង១០០គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ធ្វើការបង្ក្រាបបាន កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ ខណៈក្រុមឈ្មួញដឹកចេញពីប្រទេសឡាវ ចូលមកក្នុងប្រទេសកម្ពុជា។
បើតាមមន្រ្តីច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក្រុងស្ទឹងត្រែង ឲ្យដឹងថា ថ្នាំញៀនទាំងនេះ មានចំនួន១២០ដុំ ជាប្រភេទម៉ាកទឹកកក ដែលក្នុងមួយដុំមានទម្ងន់ប្រហែលជា១គីឡូក្រាម ត្រូវបានរកឃើញលើរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «ភ្នំពេញ សូរិយា» ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2671 ខណៈកំពុងធ្វើដំណើរចេញពីច្រកទ្វារអន្តរជាតិ និងបន្តគោលដៅទៅរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ថ្នាំញៀនដ៏ច្រើននេះ ត្រូវបាននាំចេញពីប្រទេសឡាវ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ ក្នុងការឆែកឆេរកឃើញថ្នាំញៀននេះ សមត្ថកិច្ចបានឃាត់បុរស៣នាក់ ដែលមានការពាក់ព័ន្ធ រួមមានទី១ គឺអ្នកបើកបររថយន្ត ទី២អ្នកបកប្រែភាសា និងទី៣ ជនសង្ស័យជាម្ចាស់ថ្នាំញៀនតែម្តង៕









