header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋប្រុស-ស្រី ប្រមាណជាង២០០នាក់ បានចាញ់ល្បិចកលជនខិលខូច បន្លំតាំងខ្លួនធ្វើជាមេការ បំផុសបំផុលប្រមូលយកលុយពីពួកគាត់ក្នុងម្នាក់ ២០ដុល្លាទៅ៥០ដុល្លារ ដោយសន្យាធានាឲ្យចូលធ្វើការ ក្រុមហ៊ុន។ ផ្ទុយទៅវិញការក្រោយពីប្រមូលលុយបានហើយ ជនឆបោកទាំងនោះ បានវេចលុយរត់គេចខ្លួនបាត់អស់។ ទើបពលរដ្ឋផ្អើលឆោឡោ នាំគ្នាជាង៣០នាក់ ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ឲ្យជួយអន្តរាគមន៍។

តាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មកពីខេត្ត និងស្រុកផ្សេងៗគ្នា ត្រូវបានឈ្មោះ លន់ និងស្រ្តីម្នាក់មិនស្គាល់ឈ្មោះ អះអាងតាំងខ្លួនជាមេការរោងចក្រ វីន ស៊ុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយបំផុសបំផុលថា ក្រុមហ៊ុនទើបបើកថ្មី រើសកម្មករ តែតម្រូវឲ្យបង់លុយជាថ្នូនឹងការធានាបានចូលធ្វើការ ដែលពួកគេដាក់ទីតាំងនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តទៀតថា ការទន្ទឹងរង់ចាំហៅចូលធ្វើការងារចេះតែចាំបាត់ៗ ទើបជនរងគ្រោះទាំងអស់ ទៅរកក្រុមហ៊ុនដើម្បីសាកសួរទើបដឹងថា ជារឿងមិនពិត ដោយខាងក្រុមហ៊ុន វីន ស៊ុន អះអាងថា អត់បានដឹងរឿង ហើយក៏គ្មានរើសកម្មករអ្វីដែរ ទើបដឹងថាបាញ់ល្បិចជនខិលខូចទាំងនោះ រួចក៏នាំគ្នាទៅតាមរកដល់ភូមិអង្គ សង្កាត់ចោមចៅ៣ តែជនទាំងនោះ នាំគ្នារត់គេចខ្លួនបាត់អស់ទៅហើយ។

ប្រជាពលរដ្ឋ ទាំងជាង២០០នាក់ ក្រោយពីដឹងថាពួកខ្លួនចាញ់បោកគេ ក៏នាំគ្នាទៅប្តឹងសុំការអន្តរាគមន៍ ពីអាជ្ញាធរសង្កាត់ចោមចៅ៣ ដើម្បីស្រាវជ្រាវរកជនខិលខូចទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post