header ads

Sponsor

ពិសី

កំពង់ស្ពឺៈ ទីតាំងលួចលាក់កែច្នៃ តទ្រុង តំឡើងរថយន្តដឹកដី ខុសលក្ខណៈបច្ចេកទេសគ្មានច្បាប់ទម្លាប់ លោតឆ័ត្រមួយកន្លែង ត្រូវបានក្រុមការងារជំនាញសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ចុះទៅផ្អាកដើម្បីឲ្យសុំច្បាប់ជាមុនសិន ទើបអាចបន្តអាជីវកម្មបានទៀតនោះ។

រឿងដែលគួរឲ្យរសើបនោះគឺ គ្រាន់តែកម្លាំងជំនាញចេញពីទីតាំងខាងលើបាត់ ម្ចាស់សិប្បកម្មយាន្តដ្ឋានគ្មានច្បាប់ គ្មានស្លាកយីហោមួយនេះ បានគឃ្លើន ដោយបញ្ជាឲ្យកូនចៅបន្តសកម្មភាពដដែល ហាក់បីដូចជាមិនខ្លាចញញើតអ្វីបន្តិចណាទាល់តែសោះ។

ម្ចាស់ទីតាំងខាងលើនេះឈ្មោះ យឹម ធា ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាថៅកែយាន្តដ្ឋាន រស់នៅក្នុងភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមប្រភពព័ត៌មានពីកូនជាងយាន្តដ្ឋានខាងលើបានឲ្យដឹងថា រថយន្តដែលដំឡើងរួចរាល់ លក់អស់ចំនួន៧គ្រឿងហើយ ឥឡូវបន្តដំឡើងចំនួន៣គ្រឿងបន្ថែមទៀត។

តាមប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ទីតាំងលួចលាក់កែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេសនេះ បានលួចលាក់ធ្វើដោយគ្មានច្បាប់ទម្លាប់ជិត១ខែមកហើយ ហើយរថយន្តដែលដំឡើងរួច មានតម្លៃមិនក្រោម៣ម៉ឺនដុល្លារនោះទេ។

បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋពីយាន្តដ្ឋានឥតច្បាប់ខាងលើរួចមក ក្រុមអ្នកសារព័ត៌មានបានចុះទៅសួរនាំម្ចាស់ទីតាំងខាងលើ ហើយម្ចាស់ទីតាំងរូបនោះបានឆ្លើយថា គេកំពុងតែរត់ការសុំច្បាប់ ប៉ុន្តែលួចលាក់ធ្វើដំឡើងរថយន្តរាល់ថ្ងៃទៅហើយ ដោយអាងខ្លួនជាកូនរបស់លោកមេឃុំម្នាក់ថែមទៀតផងនោះ។

បន្ទាប់ពីធ្វើការសួរនាំរួច ក្រុមអ្នកយកព័ត៌មានបានទំនាក់ទំនងទៅជំនាញសាធារណការ និងដឹកជញ្ជូនខេត្ត ឲ្យចុះមកពិនិត្យតែម្តង។

លោក កឹម សុខគ្រី អនុប្រធានមន្ទីរសាធារណៈការខេត្ត បានប្រាប់ថា ទីតាំងខាងលើនេះគ្មានច្បាប់ទម្លាប់អ្វីនោះទេ គឺលួចលាក់កែច្នៃរថយន្តខុសលក្ខណបច្ចេកទេស។ អ៊ីចឹង លោកចុះមកធ្វើការផ្អាករយៈពេល១សប្តាហ៍ ដើម្បីឲ្យម្ចាស់យាន្តដ្ឋានទៅបំពេញសំណុំបែបបទ ទើបអនុញ្ញាតិឲ្យបន្តអាជីវកម្មតទៅទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គ្រាន់តែកម្លាំងជំនាញចាកចេញពីទីតាំងយាន្តដ្ឋានខាងលើនោះភ្លាម ម្ចាស់ទីតាំងបានឲ្យកម្មករដំឡើងរថយន្តដូចធម្មតាវិញ។ មិនត្រឹមតែប៉ុណ្ណោះ រហូតដល់ថ្ងៃទី២៨ ខែមិថុនានេះទៀត ក្រុមកែច្នៃរថយន្តនៅតែបន្តសកម្មភាពដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច។ តើជំនាញសាធារណការខេត្តគ្មានសិទ្ធហាមឃាត់ម្ចាស់យាន្តដ្ឋានខាងលើឬ? ឬមួយក៏ម្ចាស់យាន្តដ្ឋានមានអំណាចខ្លាំងជាងជំនាញ ឬមួយក៏អស់លោកជំនាញធ្វើការរបៀបធូររលុង ទើបក្រុមជនទាំងនោះមិនខ្លាចញញើត នៅតែគឃ្លើន លួចធ្វើដដែល?

ករណីនេះ ប្រជាពលរដ្ឋលើកឡើងថា សង្ស័យជំនាញត្រូវរ៉ូវជាមួយម្ចាស់យាន្តដ្ឋានពីមុនមក ទើបធ្វើការរបៀបចុងដៃចុងជើងបែបនេះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋសំណូមពរដល់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន មេត្តាជួយចុះពិនិត្យដោយផ្ទាល់ផង កុំឲ្យមន្ត្រីជំនាញមួយចំនួនត្រូវរ៉ូវធ្វើគ្រាន់តែល្អមើលនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post