header ads

Sponsor

ពិសី

កំពង់ស្ពឺៈ ដីបឹងធារាសាស្ត្រដែលស្តុកទឹករាប់រយហិចតាសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្របធ្វើស្រែចម្ការ ប៉ុន្តែពេលនេះ ត្រូវបានក្រុមឈ្មួញសង្ស័យឃុបឃិតជាមួយអាជ្ញាធរ ចាក់ដីលុបជាបណ្តើរៗហើយ ខណៈដែលប្រជាពលរដ្ឋមានការងឿងឆ្ងល់ ដោយពីមុនជាដីបឹងធារាសាស្ត្រ បច្ចុប្បន្នមានបង្គោលបោះជិតក្លាយទៅជាដីពុះឡូលក់ទៅហើយនោះ។

ដីបឹងដែលគេកំពុងតែចាក់ដីលុបនោះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់បាននិយាយថា ដីបឹងនេះ មានតាំងពីយូរលុងណាស់មកហើយ ជាដីបឹងធារាសាស្ត្រសម្រាប់ស្តុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ក៏ដូចជាស្រោចស្របដំណាំ ស្រែ ស្រូវ ចម្ការនានា ប៉ុន្តែស្រាប់មកទល់នឹងពេលនេះ ពួកគាត់ឃើញមានគេយកបង្គោលទៅបោះដង្ហែរគ្នា ហាក់បីដូចជាបែងចែកជាកម្មសិទ្ធទៅហើយ មិនដឹងជាខាងណាជាអ្នកអនុញ្ញាតនោះទេ ហើយមិនយូរប៉ុន្មាន ក៏ឃើញមានក្រុមរថយន្តដឹកដីយកមកចាក់លុបដីបឹងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ចាក់លុបទាំងលូ(ផ្លូវទឹក) របស់ប្រជាពលរដ្ឋដែលតែងតែប្រើប្រាស់ទឹកនេះថែមទៀតផង ដែលគេដឹងថាម្ចាស់គ្រឿងចក្រមានឈ្មោះ រីម ហើយមេការដីនោះឈ្មោះ ផេង ដែលការចាក់ដីនេះទៀតសោតគេអះអាងថា បានសុំច្បាប់ចាប់តាំងពីភូមិ ឃុំ ស្រុក និងអភិបាលខេត្តទៀតផង ហើយការដឹកដីតាមរថយន្តមកចាក់លុបដីបឹងនេះធ្វើកិច្ចសន្យាថា មិនឲ្យមានដីប្រឡាក់ផ្លូវជាតិឡើយ រថយន្តដឹកដីត្រូវមានគ្របតង់ឲ្យបានត្រឹមត្រូវ មិនត្រូវចាក់ដីលុបប្រព័ន្ធប្រឡាយបង្ហូរទឹក និងប្រឡាយសាធារណៈ ត្រូវដាក់លូរបង្ហូរទឹកតាមប្រឡាយទឹកខាងមុខដីឡូត៍ ប៉ុន្តែការសន្យារបស់ក្រុមឈ្មួញចាក់ដីលុបដីបឹងធារាសាស្ត្រនោះ បានត្រឹមតែធ្វើកិច្ចសន្យាប៉ុណ្ណោះ ពោលគឺចាក់លុបទាំងប្រឡាយបង្ហូរទឹក សាធារណៈ និងមិនដាក់លូរ ថែមទាំងរថយន្តដឹកដីមិនគ្របតង់ទាល់តែសោះ។

ប្រភពបន្តថា ទង្វើលរបស់ក្រុមឈ្មួញដឹកដីទាំងអស់នោះ ហាក់បីដូចជាគឃ្លើនជាមួយនឹងកិច្ចសន្យា និងមិនគោរពការសន្យាដែលអាជ្ញាធរ រហូតដល់អភិបាលខេត្តបានចុះហត្ថលេខាឲ្យហើយ មិនគោរពតាមទៀត! តើប្រជាពលរដ្ឋបានទឹកពីណាយកមកប្រើ បើក្រុមឈ្មួញចាក់ដីលុបមុខកាត់លូរបង្ហូរទឹក និងលុបប្រឡាយសាធារណៈអស់ហើយនោះ?

ករណីនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធមេត្តាជួយចុះពិនិត្យមើលទង្វើរចាក់ដីលុបបឹងមួយនេះផងទាន។

ពាក់ព័ន្ធនឹងការចាក់ដីលុបដីបឹងនេះដែរ លោកស្រី ព្រំ នី មេឃុំកាហែងបាននិយាយថាការចាក់ដីនេះ មានការសុំច្បាប់ត្រឹមត្រូវឃុំ ស្រុក ខេត្តថែមទៀតផង។

ចំណែកលោក ញ៉ាញ់ ជាបហ៊ង់ ប្រធានមន្ទីរធនធានទឹកបាននិយាយថា ការចាក់ដីនេះមិនប៉ះពាល់ដល់ដីបឹងធារាសាស្ត្រនោះទេ បើម្ចាស់គោរពតាមកិច្ចសន្យានោះ សំខាន់កុំចាក់លុបលូរបង្ហូរ និងប្រឡាយទឹករបស់ប្រជាពលរដ្ឋប្រើប្រាស់នោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post