header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានព្រមានថា ក្រុមហ៊ុនសន្ដិសុខឯកជនណា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃ ហើយនៅបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំ​កម្លាំងដោយខុសច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានគូសបញ្ជាក់ថា សម្រាប់សហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ដែលមិនទាន់មានច្បាប់អនុញ្ញាត ត្រូវតែរុសរាន់ក្នុងការសុំច្បាប់អនុញ្ញាតពីសាលារាជធានី-ខេត្ត​សាមី​ឲ្យបានឆាប់បំផុត។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានលើកឡើងផងដែរថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច តែមិនមែនជាអាជ្ញាធរ មានសមត្ថកិច្ចនោះទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើលពីព្រំដែននៃតួនាទីរបស់ខ្លួនឡើយ ហើយដាច់ខាតត្រូវតែសម្រួល និងសហការជាមួយសមត្ថកិច្ច គ្រប់កាលៈទេសៈទាំងអស់។

បើតាមអគ្គស្នងការរងរូបនេះ ការរារាំង ឬការបង្កជាឧបសគ្គណាមួយ ដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច អាចជាបទល្មើសផ្សេងមួយទៀត ដែលមានបញ្ញតិ្ដឲ្យផ្ដន្ទាទោស តាមក្រមព្រហ្មទណ្ឌ ព្រោះថាតួនាទី ភារកិច្ច និងដែនសមត្ថកិច្ចរបស់ភ្នាក់ងារសន្ដិសុខឯកជន ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ជាដាច់ខាត។

ឧត្តមសេនីយ៍ ឌី វិជ្ជា ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលបានរៀនសូត្ររយៈពេល២ថ្ងៃនេះ ទៅអនុវត្តការងារ ដើម្បីបុព្វហេតុជាតិជាធំ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់សន្ដិសុខឯកជន និងអនុលោមទៅតាមច្បាប់របស់កម្ពុជា។

បន្ថែមពីនេះ អគ្គស្នងការរង ឌី វិជ្ជា ក៏បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវាកម្ម និងសហគ្រាសគ្រឹះស្ថាន ធ្វើការចាត់បញ្ជូនភ្នាក់ងារ សន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាលនេះ តាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនស្របតាមអនុក្រឹត្យ ដែលភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែបានទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ។​ នេះ​បើយោងការចេញផ្សាយរបស់​ អគ្គស្នងការនគរបាលជាតិ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post