
មិនថាមហាជនក្នុងបណ្តាញសង្គម ឬក៏អ្នកសិល្បៈដូចគ្នាទេ បានប្រតិកម្មដាក់គ្នា ដោយមានអ្នកខ្លះចេញការពារ និងអ្នកខ្លះធ្វើការរិះគន់ ទៅលើការភ្លាត់ស្នៀតច្រៀងភ្លេចប៉ារ៉ូ របស់ អតីតម្ចាស់ពាន The Voice Kid Cambodia កុមារា ពេជ្រ ថៃ នៅពេលដែលប្អូនបានបកស្រាយបទ រដឺនមានស្នេហ៍ ប៉ុន្តែគួរឲ្យសោកស្តាយ មិនដឹងមកពីអ្វីទេ ស្រាប់តែប្អូនមិនអាចបកស្រាយបានល្អសោះ រហូតស្ទើរតែមួយបទពេញតែម្តង។


ក្រោយទទួលដំណឹងជុំវិញការរិះគន់ខ្លាំងៗទៅលើ កុមារា ពេជ្រ ថៃ នៅថ្ងៃនេះ លោក ទឹក រតនៈ ដែលត្រូវជាឪពុកធម៌របស់ ពេជ្រ ថៃ បានបញ្ជាក់ប្រាប់ការពិតដែលនាំអោយកូនធម៌របស់លោកធ្វើមិនបានល្អបែបនេះ គឺដោយសារតែ ទីមួយគឺ នៅថ្ងៃដែលកើតហេតុ គឺ ពេជ្រ ថៃ បានធ្វើដំណើរទៅច្រៀងនៅឯ មណ្ឌលគិរី ដែលកំពុងមានអាកាសធាតុត្រជាក់ខ្លាំង ជាហេតុធ្វើ ពេជ្រ ថៃ មានបញ្ហាសុខភាព រឹងថ្គាមហើបមាត់ច្រៀងមិនចេញ ខណៈពេលឡើងឆាក មិនមានអាវក្រាស់ពាក់ទៀត

ចំនែកទី២ នោះ គឺថាវីដេអូនេះចេញតាំងពីយូរមកហើយ មិនមែនថ្មីៗនេះទេ គឺតាំងពីខែ១២ ឆ្នាំ២០១៧ មកម្ល៉េះ មិនគួរណាយកមកផុស ក្នុងន័យជាន់ពន្លិចបែបនេះឡើយ ហើយម្យ៉ាងទៀតនោះគឺ ពេជ្រ ថៃ ជាក្មេងដែលឧស្សាហ៍ព្យាយាមណាស់ មុនឡើងឆាកប្អូនតែងតែសម ម្តងហើយម្តងទៀត បើសិនជាមិនរងារខ្លាំងទេ មិនមានរឿងបែបនេះកើតឡើងឡើយ។

ក្នុងពេលដែលអ្នកទាំងអស់គ្នាមិនទាន់បានមើលវីដេអូ ដែលគេរិះគន់ កុមារា ពេជ្រ ថៃ សូមទស្សនាវីដេអូនេះខាងក្រោម៖
