
ស្វាយរៀងៈ បុរសម្នាក់ជាតៃកុងរថយន្ត បានរងរបួសស្រាល ដោយសារបើកបរងងុយដេកហើយវ៉ាក់អើ និងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលបែកកង់ឈប់នៅជិតចិញ្ចើមផ្លូវ បណ្ដាឲ្យតៃកុងរងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖១០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ 134/135 ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយកុងតឺន័រ ក្រុងហ៊ុន OLAIR ពណ៌បៃតង ស្លាកលេខភ្នំពេញ 3A-4491 បើកបរដោយឈ្មោះ ហ៊ឹម ចាន់ម្លោ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបរ ជនជាតិខ្មែរ រស់នៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ 51C 490.89 ដែលឈប់នៅចិញ្ចើមផ្លូវខាងត្បូង(បែកកង់) បើកបរដោយឈ្មោះ វៀង សុនដូរ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបរ រស់នៅប្រទេសវៀតណាម គ្មានរងរបួសស្នាម។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍ និងយករថយន្តទាំង២គ្រឿងយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕




