Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវបង្កើនប្រសិទ្ធភាព ការសម្រុះសម្រួល ការដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅតាមរាជធានី-ខេត្ត និងបង្ការទប់ស្កាត់ការចូលទន្ទ្រានយកដីមិនស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លីស្របច្បាប់ សំដៅពង្រឹងនីតិរដ្ឋ និងរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ រហូតដល់ថ្ងៃបោះឆ្នោតថ្នាក់ជាតិ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនានេះ បានបង្ហាញថា កន្លងមក ទំនាស់ដីធ្លីនៅតាមរាជធានី-ខេត្ត ដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ តែមិនទាន់បានសម្រុះសម្រួល និងដោះស្រាយឲ្យបានចប់ជាស្ថាពរនៅឡើយ ដូច្នេះត្រូវរួមសហការគ្នាដោះស្រាយ ដើម្បីកុំឲ្យមានជនឆ្លៀតឱកាសកេងចំណេញលើបញ្ហាដីធ្លី មុនការបោះឆ្នោត។

សេចក្តីជូនដំណឹងបន្ដថា ករណីខ្លះ ពលរដ្ឋមានបញ្ហាទំនាស់ដីធ្លី បានមកប្រមូលផ្ដុំតវ៉ា និងសុំដាក់ញត្តិជូនស្ថាប័នកំពូលរបស់ជាតិ និងក្រសួងពាក់ព័ន្ធនៅរាជធានីភ្នំពេញ ជាពិសេសបានដាក់ញត្តិស្នើសុំការអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ឲ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។

លិខិតបញ្ជាក់ថា “នៅមុនពេលបោះឆ្នោតម្ដងៗ ក្រុមឱកាសនិយមមួយចំនួន តែងតែឆ្លៀតធ្វើសកម្មភាពរំលោភទន្ទ្រានកាន់កាប់ដីសាធារណៈ ដីព្រៃឈើ និងដីធ្លី ដែលមានម្ចាស់គ្រប់គ្រងផងដែរ”

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ត្រូវប្រើប្រាស់យន្ដការដោះស្រាយទំនាស់ដីធ្លី ដែលមានស្រាប់នៅថ្នាក់រាជធានី-ខេត្ត, ត្រូវខិតខំអប់រំ ណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លី ស្ថានភាពទំនាស់ដីធ្លីរបស់ពលរដ្ឋ, ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី, ត្រូវណែនាំដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចឲ្យរក្សាការអត់ធ្មត់ ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីជាដើម។

សូមជម្រាបថា មួយរយៈពេលចុងក្រោយ មុនឈានដល់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនមកពីស្ទើរគ្រប់រាជធានីខេត្តទូទាំងប្រទេស បានផ្ទុះធ្វើការតវ៉ា និងប្រមូលផ្ដុំនៅរាជធានីភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ពួកគេបានស្នើឲ្យមានកិច្ចអន្តរគមន៍ពីថ្នាក់ដឹកនាំ ព្រោះតែអស់សង្ឃឹមលើការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន លើទំនាស់ដីធ្លីរបស់ពួកគេជាមួយនឹងក្រុមហ៊ុនអ្នកមានអំណាច ដែលកើតមានរ៉ាំរ៉ៃរាប់សិបឆ្នាំមកហើយនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor