header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយឧត្តមសេនីយផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានឆ្លើយតបទៅភាគីអាមេរិកថា លោកមិនមានទ្រព្យសម្បត្តិ សំរាប់ទុកឲ្យអាមេរិកបង្កកនោះទេ បើរកឃើញទ្រព្យសម្បត្តិហើយបង្កកឲ្យបានលឿន ក្រោយពីក្រសួងរតនាគារអាមេរិក បានប្រកាសបង្កកទ្រព្យលោក ។

សេចក្ដីថ្លែងការណ៍របស់លោក ហ៊ីង ប៊ុនហៀងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងមួយជីវិតរបស់លោកចង់ធ្វើជាមិត្តអាមេរិក ក៏ប៉ុន្ដែលោកមានឆន្ទៈយ៉ាងមុតមាំ គឺរក្សាការពារសុខសុវត្ថិភាពដល់ប្រជាជនកម្ពុជាឲ្យបាន  ហើយលោកក៏បានត្រៀមខ្លួនជានិច្ចដើម្បីវាយបកទៅលើជនអាមេរិកណា ដែលមិនគោរពនូវអធិបតេយ្យភាព នៃប្រទេសឯករាជ្យមួយ ព្រមទាំងមានមហិច្ឆតាឈ្លានពានមកលើកម្ពុជា ហើយថែមទាំងបានគាំទ្រ និងញុះញង់ពួកក្បត់ជាតិដែលមាននៅកម្ពុជា។

លោកបញ្ជាក់ថា ថ្វីត្បិតតែលោកចង់ធ្វើជាមិត្តជាមួយអាមេរិកក៏ពិតមែន តែលោកមិនមែនជាពលរដ្ឋអាមេរិកនោះទេ លោកជាពលរដ្ឋខ្មែរសុទ្ធសាធ ដូច្នេះមិនត្រូវបានគោរពតាមច្បាប់របស់អាមេរិកនោះទេ ដាច់ខាតគោរតាមច្បាប់របស់កម្ពុជា ដែលជាប្រទេសមួយមាននីតិរដ្ឋពេញលេញលើឆាកអន្ដរជាតិ ។

ផ្កាយមាស៤បញ្ជាក់ថា “ខ្ញុំមិនមានទ្រព្យសម្បត្តិសំរាប់ទុកឲ្យសហរដ្ឋអាមេរិកបង្កកនោះទេ បើរកឃើញថា ទ្រព្យសម្បត្តិរបស់ខ្ញុំ មានទុកនៅសហរដ្ឋអាមេរិកមែននោះ សូមធ្វើការបង្កកឲ្យបានលឿនបំផុតទៅចុះ”។

ព្រមជាមួយគ្នានេះ លោកអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះជនក្បតជាតិ និងបក្សពួកប្រឆាំងដែលមានបំណងធ្វើបដិវត្តពណ៌នៅកម្ពុជាដែលមានបរទេសនៅពីក្រោយខ្នង។

នៅក្នុងសេចក្តីឆ្លើយតបរបស់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ បានបញ្ជាក់៦ចំណុចយ៉ាងដូច្នេះថា៖

ដូច្នេះខ្ញុំសូមឆ្លើយតបចំពោះក្រសួងរតនាគារអាមេរិក ដែលមានខ្លឹមសារដូចខាងក្រោម

១​៖ ក្នុងមួយជីវិតរបស់ខ្ញុំ គឺចង់ធ្វើជាមិត្តរបស់អាមេរិកណាស់ ប៉ុន្តែខ្ញុំមានឆន្ទៈយ៉ាងមុតមាំ គឺរក្សាការពារសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា ឱ្យបានដាច់ខាត និងត្រៀមខ្លួនជានិច្ច ដើម្បីវាយបកទៅលើជនអាមេរិកណា ដែលមិនគោរពនូវអធិបតេយ្យភាព នៃប្រទេសរាជ្យមួយ ព្រមទាំងមានមហិច្ឆតាឈ្លានពានមកលើប្រទេសខ្ញុំ ហើយថែមទាំងបានគាំទ្រ និងញុះញង់ពួកក្បត់ជាតិ ដែលមានក្នុងប្រទេសកម្ពុជា។

២៖ ថ្វីត្បិតតែខ្ញុំចង់ធ្វើជាមិត្ត ជាមួយអាមេរិកក៏មែនពិត តែខ្ញុំមិនមែនជាពលរដ្ឋអាមេរិកទេ គឺខ្ញុំជាពលរដ្ឋខ្មែរសុទ្ធសាធ។ ដូច្នេះខ្ញុំមិនត្រូវបានគោរពច្បាប់អាមេរិកនោះទេ ខ្ញុំដាច់ខាតគោរពតាមច្បាប់របស់កម្ពុជា ដែលជាប្រទេសមួយ មាននីតិរដ្ឋពេញលេញ នៅលើឆាកអន្តរជាតិ។

៣៖ សូមបញ្ជាក់ថា ខ្ញុំមិនមានទ្រព្យសម្បត្តិសម្រាប់ទុកឱ្យសហរដ្ឋអាមេរិកបង្កកនោះទេ បើរកឃើញថា៖ ទ្រព្យសម្បត្តិរបស់ខ្ញុំ មានទុកនៅសហរដ្ឋអាមេរិកនោះ សូមធ្វើការបង្កកឱ្យបានលឿនបំផុតទៅចុះ។

៤៖ ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលបានជាន់ទឹកដីអាមេរិក សូម្បីតែម្តងក៏គ្មានដែរ ដូច្នេះខ្ញុំក៏គ្មានបំណងទៅសហរដ្ឋអាមេរិកដែរ ព្រោះខ្ញុំមានការឈឺចាប់ ចំពោះទង្វើអាមេរិក ដែលបានធ្វើមកលើរូបខ្ញុំ គ្រួសារខ្ញុំ និងប្រទេសជាតិខ្ញុំ ដោយបានទម្លាក់គ្រាប់បែករាប់លានគ្រាប់ សម្លាប់ប្រជាពលរដ្ឋខ្មែរ នៅក្នុងទស្សវត្សន៍ឆ្នាំ១៩៧០ ព្រមទាំងបន្សល់ទុកកាកសំណល់សង្រ្គាមមិនទាន់ផ្ទុះ នៅតែបន្ត សម្លាប់ប្រជាជនខ្មែរជាបន្តបន្ទាប់ទៀត។ ដូច្នេះមិនបាច់ដាក់ទណ្ឌកម្មមកលើរូបខ្ញុំទេ ពីព្រោះមិនត្រូវការអាមេរិកទេ។

៥៖ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីទប់ស្កាត់ និងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ និងបក្សពួកប្រឆាំង ដែលមានបំណងធ្វើបដិវត្ដពណ៌នៅកម្ពុជា មានបរទេសនៅពីក្រោយខ្នង។

៦៖ ខ្ញុំ ក្នុងនាមជាមេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហានទាំងអស់ ប្ដេជ្ញាការពារសន្ដិសុខ សុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងក្នុងគ្រួសារ ឲ្យបានជាដាច់ខាត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post