header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ យោងតាមលិខិតរបស់ លោកប្រធានក្រុមហ៊ុន VP បានឲ្យដឹងថា លោកបានដាក់ពាក្យទៅលោកអភិបាលខេត្តសៀមរាប ស្នើឲ្យមានការដេញថ្លៃ​សារជាថ្មី នូវគម្រោងធ្វើផ្លូវចាក់បេតុងមួយខ្សែ នៅសង្កាត់ស្វាយដង្គំ ដើម្បីឲ្យមានការប្រកួតប្រជែងគ្នា ឲ្យមានភាពយុត្តិធម៌ ហើយការយកលុយទឹកតែយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់លោកអនុប្រធានមន្ទីរធនធានទឹកនេះដែរ នាំឲ្យមានការបាត់បង់ថវិកាជាតិ និងត្រូវមហាជននាំគ្នារិះគន់យ៉ាងខ្លាំងផងដែរ។

លិខិតមួយទំព័រ ដែលទទួលបាននៅព្រឹកថ្ងៃទី១១ មិថុនានេះមានសេចក្តីថា ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានភាពមិនប្រក្រតី។ ក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ នៅសង្កាត់ស្វាយដង្គំក្រុងសៀមរាប កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០១៨ កន្លងទៅ ដោយសារការដេញថ្លៃគម្រោងផ្លូវបេតុងអាមេនោះ ពុំត្រូវបានគេដាក់ឲ្យដេញថ្លៃ ដោយមានការប្រកួតប្រជែងនោះទេ នេះក៏ដោយសារតែ លោក ទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាប លោកមកឃាឃាំងអ្នកទទួលម៉ៅការក្រុមហ៊ុន ផ្សេងៗ មិនឲ្យចូលមកដាក់ពាក្យដេញថ្លៃ ទំនងជាកាងទុកឲ្យក្រុមហ៊ុនរបស់​ខ្លួន គឺឈ្មោះ លី សួរ តែមួយគត់ ដោយសន្យានិងផ្ដល់លុយទឹកតែដល់ក្រុមហ៊ុនផ្សេងៗ ដោយមិនបាច់ចូលដេញថ្លៃនោះទេ គឺចាំទទួលយកលុយទឹកតែ តែម្ដង។

ភាពមិនប្រក្រតីនេះ បានបង្កឲ្យមានភាពជម្រោងជម្រះ រហូតប្រកែកគា្នតឹងសរសៃកយ៉ាងអនាធិបតេយ្យ នេះក៏ដោយសារលោក ទីវ ណាវុត អនុប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាប សន្យាឲ្យលុយទឹកតែមិនស្មើគ្នា ការចែកលុយគ្នាមិនស្មើបានធ្វើឡើង នៅក្នុងដីឡូត៍មួយកន្លែងក្បែរផ្លូវ៦០។

ក្នុងនោះក៏មានការចោទសួរថា ក្នុងឋានៈលោក ទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក ហេតុអ្វីបានជាមកឃាឃាំងការដេញថ្លៃនេះទៅវិញ ឬមួយក៏លោក មានជាប់ពាក់ព័ន្ធ និងការសូកប៉ាន ប្រព្រឹត្តនូវអំពើពុករលួយ?

ខ្លឹមសារនៃបណ្ដឹងបានឲ្យដឹងថា លោកបានស្នើសុំឲ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាម មេត្តាដាក់ឲ្យដេញថ្លៃ​សារជាថ្មីឡើងវិញ នូវគម្រោងមូលនិធិឃុំ សង្កាត់នេះ ដើម្បីឲ្យមានការប្រកួតប្រជែងគ្នា ឲ្យមានភាពយុត្តិធម៌។

ទង្វើមិនប្រក្រតីរបស់លោក ទីវ ណាវុត អាចមិនមែន ជាករណីទី១នោះទេ ទំនងអាចមានជាច្រើនករណីទៀត នៅខេត្តសៀមរាប ដូច្នេះអាជ្ញាធរ ខេត្តសៀមរាប មិនត្រូវមើលរំលង រឿងអាស្រូវរបស់លោក ទីវ ណាវុត ឡើយ។

ផ្លូវបេតុងដែលជាគម្រោងមូលនិធិឃុំ សង្កាត់ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនោះ ត្រូវបានក្រុមហ៊ុនរបស់លោកអនុប្រធានមន្ទីរធនធានទឹក ជាអ្នកដេញថ្លៃបានក្នុងតម្លៃជិត១៥ម៉ឺនដុល្លារ។ ការដេញថ្លៃនោះ គឺមានតែក្រុមហ៊ុនមួយ។ ឯក្រុមហ៊ុនដទៃទៀតគេមិនឲ្យទៅដេញថ្លៃទេ គឺចាំយកលុយទឹកតែជាការស្រេច។

ទាក់ទិននិងការចោទប្រកាន់នេះភ្នាក់ងារព័ត៌មានយើងនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ទីវ ណាវុត ជាអនុប្រធានមន្ទីរធនធានទឹក ខេត្តសៀមរាបបានទេ ដោយសារហៅទូរស័ព្ទទៅនៅក្រៅតំបន់សេវា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post